
បាត់ដំបងៈស្ថានីយ៍ប្រេងឥន្ធនៈ និងដេប៉ូចែកចាយប្រេង ស្ទើរតែពេញមួយក្រុងបាត់ដំបង ខេត្តបាត់ដំបូង លក់សាំងមិនគ្រប់លីត្រ និងថែមទាំងបន្លំគុណភាពថែមទៀតផង ដោយដាក់លក់សាំងធម្មតាថាជាសាំងស៊ុបព៊ែរ ។ ដំណឹងដ៏ហួសចិត្តនេះ ត្រូវបានក្រុមមន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបាត់ដំបង សហការជាមួយ មន្ត្រីមកពីអគ្គនាយកដ្ឋាន កាំកុងត្រូល បានចុះត្រួតពិនិត្យ ស្ថានីយ៍ប្រេងឥន្ធនៈ និងដេប៉ូចែកចាយប្រេងឥន្ធនៈ នៅក្នុងតាមបណ្តាស្រុក និងក្រុងបាត់ដំបង ដោយរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន កាំកុងត្រូល កាលពីថ្ងៃទី២១ មីនា ២០១៨ ។ ហើយបានរកឃើញ ស្ថានីយ៍ប្រេងឥន្ធនៈ ចំនួន៧កន្លែង មានការកឹបកេង បរិមាណលីត្រមិនគ្រប់ លក់ទៅឱ្យអតិថិជន និងបានរកឃើញមាន ការបន្លំគុណភាព ប្រេងសាំងធម្មតា ទៅជាប្រេងសាំងស៊ុបពែរ ជាដើមនោះ។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្ត មានប្រសាសន៍ថា នៅក្នុងប្រតិបត្តិការណ៍ចុះពិនិត្យតាមស្ថានីយ៍ប្រេងឥន្ធនៈ និងដេប៉ូចែកចាយ គឺមន្រ្តីជំនាញបានរកឃើញមាន ស្ថានីយ៍ប្រេងឥន្ធនៈចំនួន៧កន្លែង គឺលក់សាំងឲ្យអតិថជនរបស់ខ្លួនមិនគ្រប់លីត្រ ហើយក្លែងបន្លំសាំងធម្មតាថាជាសាំងស៊ុបពែរទៅវិញ ។ លោកប្រធានសាខាបន្តថា ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំង០៧ទីតាំងនេះ នឹងត្រូវធ្វើកិច្ចសន្យាជាមួយនឹងមន្រ្តីជំនាញ ដោយតម្រូវឲ្យពួកគាត់ធ្វើការកែប្រែនៅចំណុចខ្វះខាត ក៏ដូចជាការលក់សាំងឲ្យអតិថជនរបស់ខ្លួន ឲ្យគ្រប់ចំនួនលីត្រធម្មតាវិញ និងមិនត្រូវធ្វើការដាក់លក់សាំងធម្មតាថាជាសាំងស៊ុបពែរនោះទេ ព្រោះនេះវាខុសនឹងច្បាប់ជាធរមាន ។

បើតាមលោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្ត បើសិនជាមន្រ្តីជំនាញកាំកុងត្រូល ពិនិត្យរកឃើញលើកក្រោយទៀតថា មានម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ឬក៏ដេប៉ូចែកចាយណា នៅតែមានចេតនាលក់សាំងឲ្យអតិថជនមិនគ្រប់តាមបរិមាណលីត្រ និងបន្លំគុណភាពតទៅទៀត មន្រ្តីជំនាញនឹងចាត់វិធានការណ៍ផ្លូវច្បាប់ទៅលើម្ចាស់ស្ថានីយ៍នោះ ដោយគ្មានការយោគយល់ ហើយក្នុងករណីនេះវិញ ជាលើកទី០១ យើងអនុគ្រោះឲ្យពួកគាត់ ដោយមិនឲ្យមានការផ្សាយឈ្មោះម្ចាស់ស្ថានីយ៍ទាំងអស់នោះឡើយ ដោយទុកឲ្យគាត់ធ្វើការកែតម្រូវ ។
សូមបញ្ជាក់ថា នៅក្នុងការចុះត្រួតពិនិត្យនេះដែរ មន្រ្តីជំនាញកាំកុងត្រូល បានរកឃើញមានស្ថានីយ៍មួយចំនួនបានកិបកេងសាំងដោយចាក់ឱ្យអថិជន១០០លីត្រ បាត់ពីជាង២លីត្រ ឬរហូតដល់ ៥ លីត្រ ក៏មាន៕



