
ភ្នំពេញ៖មិនធ្លាប់មានពីមុនមកទេ ដែលមន្រ្តីប៉ូលីសទាំង១២ខ័ណ្ឌ របស់សាលារាជធានីភ្នំពេញ ដូចណាត់គ្នាមកពីអង្កាល់ បានបើកប្រតិបត្តការណ៍ទ្រង់ទ្រាយធំ ចុះចាប់ម៉ូតូកង់បី ដែលជាម៉ូតូកង់បីប្រភេទថ្មី ដែលផលិតពីប្រទេសឥណ្ឌាជាច្រើនរាយគ្រឿង យកមកទុកនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។ យុទ្ធនាការកក្រើកក្រុងភ្នំពេញនេះ ធ្វើឡើងកាលពីពេលកន្លងទៅថ្មីៗនេះ ។

បើតាមការអះអាងរបស់ក្រុមមន្រ្តីប៉ូលីស បានបញ្ជាក់ថា មូលដ្ឋានដែលឈានទៅដល់ការចុះចាប់ម៉ូតូកង់បីសេរី ដែលជាប្រភេទតាក់ស៊ីហៅជិះតាមAPPនេះ គឺម៉ូតូកង់បីទាំងនេះ ពុំមានការចុះបញ្ជីការឲ្យបានត្រឹមត្រូវ ហើយធ្វើចរាចរណ៍ដោយធ្វើការដឹកភ្ញៀវរបស់ខ្លួនពេញទីក្រុងតែម្តង ។ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ដើម្បីឲ្យសមស្រប ក៏ដូចជាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយតម្រូវដល់ម្ចាស់យានយន្ត ម្ចាស់ទោចក្រយានយន្ត ឬម្ចាស់សណ្តោនរ៉ុម៉ាក់ ពេលកំពុងធ្វើដំណើរលើផ្លូវថ្នល់ទូទាំងប្រទេសកម្ពុជា ត្រូវមានមានស្លាកលេខ និងមានកញ្ជាក់មើលក្រោយ ឬពាក់មួកសុវត្ថិភាពជាដើម ដូច្នោះម៉ូតូកង់បីសេរីថ្មី នឹងទំនើបដែលម៉ូយរបស់គាត់ គ្រាន់តែកក់ទុកតាម Smart Phoneនេះ ពុំមានស្លាក លេខត្រឹមត្រូវ ដែលជាហេតុនាំឲ្យកម្លាំងសមត្ថកិច្ចឃាត់ទុកជាបណ្តោះអាសន្នសិន រង់ចាំឲ្យម្ចាស់បំពេញកាត្វកិច្ចតាមផ្លូវច្បាប់ជាមុនសិន ទើបអនុញ្ញាតឲ្យចរាចរណ៍វិញបាន ។


បើតាមការបញ្ជាក់របស់ម្ចាស់ម៉ូតូកង់បីថា ក្រុមម៉ូតូកង់បីរបស់ពួកគាត់ មិនមានចេតនាក្នុងការមិនចុះបញ្ជីាយានយន្តនៅមន្ទីរសារធារណៈការនោះទេ ដោយគ្រាន់តែមន្រ្តីជំនាញរបស់សាធារណៈការថា មិនទាន់ចុះបានទេ ដោយឲ្យរង់ចាំនិងម្យ៉ាងទៀត មិនដឹងថា ម៉ូតូកង់បីនេះ គួរតែដាក់ចូលទៅក្នុងប្រភេទយានយន្តអ្វីឲ្យប្រាកដ ព្រោះវាជាប្រភេទម៉ូតូកង់បីសេរីថ្មី ដូច្នោះមានតែរង់ចាំនិងប្រកបអាជីវកម្មដឹកភ្ញៀវសិនទៅ ។
ពួកគាត់បន្ថែមទៀតថា ម៉ូតូកង់បីសេរីថ្មី ដែលទិញយកមកដឹកភ្ញៀវនេះ មានតម្លៃជាង២ពាន់ដុល្លារ ហើយមានអ្នកខ្លះទៀត ពុំមានប្រាក់គ្រាប់គ្រាន់ ក៏សម្រេចចិត្តជួលម៉ូតូកង់បីនេះក្នុងតម្លៃ២ម៉ឺនរៀល ក្នុងមួយថ្ងៃ ដើម្បីបានដឹកភ្ញៀវ។ ម៉ូតូកង់៣ ឬតាក់ស៊ីកង់បីនេះ ជាផលិតផលរបស់ប្រទេសឥណ្ឌា នៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ គឺយើងសង្កេតឃើញថា មានការគាំទ្រ និងជិះច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ ព្រោះវាមានភាពឆាប់រហ័សក្នុងការជិះ ដោយគ្រាន់តែហៅឬកក់បានតាមរយៈកម្មវិធីAPP នៅលើ Smart Phone ជាការស្រេច ៕





