
ភ្នំពេញៈ មន្ត្រីយោធាម្នាក់ និងបុរសអ្នករួមដំណើរម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីឆែករកឃើញកាំភ្លើង១ដើម លុយដុល្លារសុទ្ធ លុយដុល្លារខ្មៅ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមច្បាប់។ លុយខ្មៅ ដែលសមត្ថកិច្ចរឹបអូស មានក្រដាសប្រាក់១ដុល្លារ និង១០០ដុល្លារ ចំនួន២ដុំធំៗ។
ការឃាត់ខ្លួនជនសង្ស័យទាំងពីរ ធ្វើឡើងនៅវេលាម៉ោង១២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ខណៈកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ ដាក់គោលដៅត្រួតពិនិត្រអាវុធជាតិផ្ទុះ ត្រង់ចំណុចមុខរោងចក្រទឹកដោះគោ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច ជនសង្ស័យទី១ មានឈ្មោះ ឡូត ហេង ហៅ អាម៉េង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមន្រ្តីយោធា ស្នាក់នៅផ្ទះជួលម្តុំ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិរោទ៍ ឃុំញារ ស្រុកកំពុងរោទ៍ ខេត្តស្វាយរៀង (ម្ចាស់អាវុធ និងលុយខ្មៅ) និងទី២ ឈ្មោះ សន ប៊ុនថេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរយោធា មានទីលំនៅផ្ទះជួលភូមិឃ្លាំង សង្កាត់ឫស្សីកែវ (ជាអ្នកកាន់អាវុធ)។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ ប្រាប់អ្នកយកព័ត៌មាន Cam Post ឲ្យដឹងថា លោកបានដឹកនាំកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលឫស្សីកែវ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចកើតហេតុខាងលើ ដោយយកទិសដៅពីត្បូងទៅជើង ស្រាប់តែឃើញបុរស២នាក់ ជិះម៉ូតូធំមួយគ្រឿង ម៉ាក FZ ពណ៌ក្រហមស ពាក់ស្លាកលេខ ភ្នំពេញ 1BW-8627 ជិះគ្នា២នាក់ អត់មួកសុវត្ថិភាព អត់កញ្ចក់។ ដោយមានការសង្ស័យ កម្លាំងរបស់លោក បានឆែកឆេរទៅលើខ្លួនបុរសទាំងពីរ ក៏បានរកឃើញអាវុធខ្លីមួយដើម ប្រភេទប្រើហ្គាស រួចសមត្ថកិច្ចឃាត់ខ្លួនពួកគេ រួមទាំងម៉ូតូ១គឿង លុយដុល្លារ និងលុយខ្មៅ២ដុំធំ (ក្រដាសប្រាក់១ដុល្លារ ១ដុំធំ និងក្រដាសប្រាក់១០០ដុល្លារ ១ដុំធំ) នៅកន្លែងកើតហេតុតែម្ដង។

ក្រោយមក ជនសង្ស័យទាំងពីរ ត្រូវបាននាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើសាកសួរ និងកំណត់ហេតុបញ្ជូនទៅអធិការដ្ឋានខណ្ឌ។ បច្ចុប្បន្ន ទាំងមន្ត្រីយោធា និងអ្នករួមដំណើរ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕









