Sponsor
រិទ្ធី

នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានសម្រេចឃុំខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង បន្តរយៈពេល ៦ ខែទៀត ក្រោយពីការសាកសួរត្រូវបានបញ្ចប់នៅ​វេលា​ម៉ោង​ប្រមាណ ៣ រសៀល។

លោកស្រី ម៉េង សុភារី សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា ​ដែល​មាន​វត្តមាន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ប្រាប់ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានសម្រេចឃុំខ្លួនកូនក្ដីរបស់លោកស្រីរយៈពេល ៦ ខែទៀត ដោយមូលហេតុថាដើម្បីបង្ក្រាបទល្មើសកុំឲ្យកើតឡើងជាថ្មីនិងរក្សាជនត្រូវចោទទុកជូនតុលាការចាត់ការ។ ការ​សម្រេច​ឃុំ​ខ្លួនបន្ត ក្រោយ​នីតិវិធី​នៃ​ការ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ លោក កឹម សុខា ​រយៈ​ពេល ៦ ខែ​​ក្នុង​ពន្ធនាគារ​ ជា​បណ្តោះ​អាសន្ន​ ត្រូវ​បាន​បញ្ចប់​។

លោកស្រីបន្តថា ការសម្រេចនេះ​ មិនយុត្តិធម៌ឡើយ ដោយសារកូនក្ដីរបស់លោកស្រីមិនបានប្រព្រឹត្តបទល្មើសអ្វី ដូចតុលាការចោទប្រកាន់ ហើយបច្ចុប្បន្ននេះ កូនក្ដីរបស់លោកស្រីកំពុងមានជំងឺត្រូវព្យាបាល។ ក្រុមមេធាវីនឹងប្ដឹងជំទាស់ទៅសភាស៊ើបសួរសាលាឧទ្ធរណ៍បន្តទៀត ដើម្បីជំទាស់និងការសម្រេចរបស់តុលាការថ្នាក់ក្រោម។ យើង​មិន​ចង់​ឲ្យ​មាន​ការ​ពន្យារ​ពេល​នៃ​ការ​ឃុំ​ខ្លួន​បន្ត​ទៀត​ទេ​ ដោយ​សារ​មូល​ហេតុ​សុខភាព​របស់​គាត់​ជា​ចម្បង​ ដោយ​សារ​គាត់​មាន​បញ្ហា​ឆ្អឹង​គាប​លើ​សរសៃ​ ដែល​ត្រូវ​ការ​វះ​កាត់​និង​ព្យាបាល​។ គាត់​ (ចៅក្រម​ស៊ើប​) និយាយ​ថា​ការ​ស៊ើប​អង្កេត​មិន​ទាន់​មូល​។

បើមេធាវីការពារក្ដីឲ្យលោក កឹម សុខា​ ឲ្យដឹងថា នៅក្នុងការសាកសួរនេះ កូនក្តីរបស់លោក មិនបានឆ្លើយរាល់សំណួររបស់ចៅក្រោមស៊ើបទេ ដោយថាសំណួរដែលចៅក្រមសួរនោះលោកបានឆ្លើយរួចអស់ហើយ។

លោក​ កឹម សុខា ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​និង​បញ្ជូនទៅ​ឃុំនៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយ​ចោទ​ពីបទ​ក្បត់ជាតិ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor