Sponsor
រិទ្ធី

ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន ដែលមាន     សម្តេច ហ៊ុន សែន ជាប្រធាន បាននាំយកមេដាយការពារជាតិទៅបំពាក់ឲ្យបងប្អូនអតីតយុទ្ធជនកម្ពុជា ៩៨៥នាក់ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានផ្តល់មេដាយការពារជាតិដល់អតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស។ អតីតយុទ្ធជនកម្ពុជាទាំងនោះសុទ្ធតែជាអ្នកដែលបានធ្វើពលីកម្មដ៏ធំធេងសម្រាប់ជាតិមាតុភូមិ ក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសទប់ស្កាត់មិនឲ្យរបបនេះវិលមកគ្រប់ដណ្តប់មាតុភូមិកម្ពុជាជាថ្មីនាអំឡុងទសវត្សរ៍ឆ្នាំ៨០ និង៩០។

 

ក្នុងពិធីបំពាក់មេដាយការពារជាតិនេះ នាយឧត្តមសេនីយ៍ គន់ គីម បានលើកបង្ហាញពីការយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនពីសំណាក់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលតែងដោះស្រាយរាល់ទុក្ខលំបាករបស់អតីតយុទ្ធជន ដូចជាផ្តល់ដីសម្រាប់បង្កបង្កើនផល និងផ្តល់ផ្ទះសម្រាប់ស្នាក់នៅ ហើយរាល់ពេលបុណ្យទានតែងតែផ្តល់របបឧបត្ថម្ភជារៀងរាល់ឆ្នាំ។

នៅចំពោះមុខអតីតយុទ្ធជន នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា៖ ការលះបង់ឥតអល់អែករបស់អតីតយុទ្ធជនរបស់កម្ពុជា គឺជាចំណែកមួយដ៏ធំធេងក្នុងការរក្សាពន្លឺសុខសន្តិភាពរបស់កម្ពុជា និងជួយរុញកម្ពុជាឲ្យឈានមកកាន់ដំណាក់កាលអភិវឌ្ឍន៍ដូចបច្ចុប្បន្ន។

បងប្អូនអតីតយុទ្ធជនបានបានលើកឡើងដោយក្តីរំភើបថា ការលះបង់របស់គាត់សម្រាប់ជាតិមិនដែលគិតថាទទួលបានការតបស្នងនោះឡើយ ហើយក៏មិនដែលតូចចិត្តដែរ ព្រោះអ្វីដែលគាត់ពលីពីអតីតកាល គឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ តែពេលបច្ចុប្បន្នការលះបង់របស់គាត់ គឺទទួលបានការផ្តល់តម្លៃពីព្រះមហាក្សត្រ និងយកចិត្តទុកដាក់ខ្ពស់ពីសម្តេច ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត ដែលធ្វើឲ្យពួកគាត់គ្មានការសោកស្តាយ ហើយបើទៅបីស្លាប់ ក៏បិទភ្នែកជិតផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor