
ភ្នំពេញៈ ស្ត្រីម្នាក់ បានបាត់បង់ជីវិតកាលពីថ្ងៃទី២៩ ខែមីនា វេលាម៉ោង១០ព្រឹក ក្រោយពេលដែលចូលសំរាលកូននៅមន្ទីរពេទ្យសម្ពពសោភា។
ក្រុមគ្រួសារ បានបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះអ៊ុ ចន្ទ្រា អាយុ២៩ឆ្នាំ ទីលំនៅភូមិរកា២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានចូលមកសម្រាលកូនទី២ នៅមន្ទីរពេទ្យសម្ពពសោភា កាលពីថ្ងៃទី២៨ ខែមីនា។

ក្រុមគ្រួសារ បន្តថា ពេលសម្រាលនេះ គឺមានការវះកាត់ បណ្តាលឲ្យហូរឈាមយ៉ាងខ្លាំងមិនអាចទប់ជាប់។ ពេលនោះខាងមន្ទីរពេទ្យ អះអាងថា បណ្តាលមកពីឈាមរាវ និងស្បូនខ្សោយ។ ដូច្នេះតម្រូវឲ្យមានការវះកាត់ស្បូនម្តងទៀត។ ក្រោយពេលវះកាត់ស្បូនរួចហើយ នារីរងគ្រោះកាន់តែមានអការៈខ្សោយទៅៗ ទើបខាងពេទ្យសម្ពពសោភា បានបញ្ជូនស្ត្រីរងគ្រោះទៅមន្ទីរពេទ្យជប៉ុននៅម៉ោង៥ទៀបភ្លឺថ្ងៃទី២៩ ខែមិនា ជាបន្ទាន់។ ក្រោយពេលបញ្ជូនមកមន្ទីរពេទ្យជប៉ុនរហូតមកដល់ម៉ោង១០ព្រឹកថ្ងៃដដែល ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត។

ពាក់ព័ន្ធនឹងការធ្វេសប្រហែសធ្វើឲ្យស្រ្តីម្នាក់ស្លាប់នោះ ត្រូវបានក្រុមគ្រូពេទ្យជប៉ុននិងពេទ្យឯកជនសម្ភពសោភាមានការលាក់បាំងព័ត៌មានទៀតផង នឹងហាមមិនឲ្យអ្នកសារព័ត៌មានបានចូលយកព័ត៌មាននោះទេ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅធ្វើបុណ្យនៅស្រុកកំណើត៕









