header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ អ្នកស្រី ពិសិដ្ឋ ពីលីកា គឺជាតារាសំដែង ដ៏មានប្រជាប្រិយភាពមួយរូប នៅក្នុងប្រទេសកម្ពុជានាកំឡុងឆ្នាំ១៩៨០និងឆ្នាំ១៩៩០។ អ្នកស្រីបានទទួលមរណភាពនៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ១៩៩៩ ដោយសារការបាញ់ប្រហារ ពីសំណាក់ខ្មាន់កំភ្លើងមិនស្គាល់មុខម្នាក់ ធ្វើឲ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរ កំឡុងពេលដែលអ្នកស្រីកំពុងដើររកទិញកង់នៅម្ដុំផ្សារអូរឫស្សី ក្នុងក្រុងភ្នំពេញ ។ ការបាញ់ប្រហាជាច្រើនគ្រាប់នោះ បានបណ្ដាលអោយអ្នកស្រីរងរបួសពួឆ្អឹងខ្នងយ៉ាងដំណំ និងបានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ជាក្មេងស្រីកំព្រាម្នាក់ដែលឪពុកម្ដាយបានស្លាប់ចោលតាំងពីជំនាន់ ប៉ុល ពត អ្នកស្រីរួមនិងប្អូនស្រីពីរនាក់ទៀតបានត្រូវឪពុកមារ យកមកចញ្ចឹមបីបាច់ផ្គត់ផ្គង់អោយរៀនសូត្រ រហូតក្លាយជានាថការរីនីម្នាក់ និងក្លាយជាសាស្រ្តាចារ្យសិល្បៈនៅសាលាភូមិន្ទវិចិត្តសិល្បៈ ជាពិសេសបានក្លាយទៅជាតារាភាពយន្តដ៏ល្បីល្បាញម្នាក់ នៅក្នុងប្រទេសកម្ពុជានាចុងឆ្នាំ១៩៨០និងដើមឆ្នាំ១៩៩០។

ជីវិតក្មេងស្រីកំព្រាម្នាក់នេះ មិនមានសេចក្ដីផ្លូវចិត្តប៉ុន្មាននោះទេ បើទោះបីខ្លួនក្លាយជាតារាភាពយន្តល្បីល្បាញយ៉ាងណាក៏ដោយ។ ជិវិតអាពាហ៏ពិពាហ៏ជាមួយតារាភាពយន្តដូចគ្នា គឺលោក ខៃ ប្រសិទ្ធិ បានរង្គោះរង្គើបន្តិចម្ដងៗ។ ក្រោយមក ក៏ចាប់ផ្ដើមមានលេចឮ ពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថាលោក ខៃ ប្រសិទ្ធ បានលួចទៅបង្កាត់ស្នេហាជាមួយស្រីផ្សេង ដែលស្រីនោះជាកូនស្រីរបស់ មន្ត្រីមានអំណាចកំពូលម្នាក់នៅក្នុងប្រទេសកម្ពុជា។ ដោយសារតែទទួលរងនូវគំនាបផ្លូវចិត្តក្នុងរឿងស្នេហា នៅខែ កញ្ញា ឆ្នាំ ១៩៩៨ អ្នកស្រីក៏បានធ្វើលិខិតលែងលះគ្នា ជាមួយប្ដីរបស់ខ្លួន។ ការលែងលះរបស់តារាភាពយន្តពិសិដ្ឋពីលីការ និងលោក ខៃ ប្រសិទ្ធិ ត្រូវបានព័ត៌មានខ្លះបានលួចបង្ហើបថា ដោយសារតែមានការជ្រៀតជ្រែកពីជនទី៣ ដែលមានអំណាចកំពូលម្នាក់។ រយៈពេលមួយឆ្នាំ ក្រោយពីចេញលិខិតលែងលះមក លោក ខៃ ប្រសិទ្ធ បានចាកចេញទៅរស់នៅប្រទេសអូស្ត្រាលី។ គ្មានប្រភពព័ត៌មានច្បាស់លាស់ណាមួយ អាចបញ្ជាក់ពីមូលហេតុ ដែលគាត់ទៅរស់នៅប្រទេសអូស្ត្រាលីនោះបានទេ។

នៅទីបំផុតប្រហែលជារឿងស្នេហាត្រីកោណនេះហើយ ទើបធ្វើអោយខ្មាន់កំភ្លើងបានលបបាញ់ប្រហារលើស្រ្តីកំសត់នេះដោយគ្មានក្ដីមេត្តា។ នៅក្នុងមន្ទីរពេទ្យ សាច់ញាតិដែលនៅសេសសល់របស់គាត់ បានឈរនៅជុំវិញគាត់ ហើយអ្នកទាំងអស់នោះ បានឮគាត់និយាយខ្សាវៗដោយសួរថា ហេតុអី ហេតុអីបានជាគេធ្វើដូចនេះមកលើរូបខ្ញុំ? ខ្ញុំមិនដែលធ្វើអាក្រក់ចំពោះអ្នកណាម្នាក់ទេ!!! បន្ទាប់ពីសួរចប់នៅវេលាម៉ោង ៦ និង៣០នាទី ព្រឹក ថ្ងៃទី ១៣ ខែ កក្ដដា ឆ្នាំ១៩៩៩ គាត់ក៏បានលាចាកលោកទៅ ដោយបន្សល់ទុក្ខនូវស្នាមទឹកភ្នែករមៀលធ្លាក់ចុះមក និងសំណួរដែលគ្មានចំលើយឆ្លើយតបទៅគាត់វិញ។

អស់រយៈពេល១៩ឆ្នាំហើយ ដែលឃាតករបានបាញ់ប្រហារ លើតារាភាពយន្តដ៏ល្បីល្បាញម្នាក់នេះក៏ប៉ុន្តែចំពោះយុត្តិធម៌វិញ គឺគ្មានពន្លឺបន្តិចទាល់តែសោះ។ បើទោះបីជាយុត្តិធម៌នៅតែគ្មានពន្លឺយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរជាច្រើននៅតែចងចាំតារាភាពយន្តម្នាក់នេះ គ្មានពេលភ្លេចនិងនៅតែនាំគ្នាថ្កោលទោសចំពោះឃាតកម្ម ដ៏សាហាវយង់ឃ្នងនេះជារៀងដរាប៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post