Sponsor
រិទ្ធី

ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ២០១៨ រដ្ឋាភិបាល​ចិន​បាន​ទាត់​ចោលការចោទប្រកាន់ថា ខ្លួន​បានស្នើ​ឲ្យ​ប្រទេស​ដែល​ខ្ចីលុយ​យក​ធនធាន​រ៉ែ​ដើម្បី​ប្ដូរ​យកប្រាក់​កម្ចី​របស់​ចិន​។ ការបដិសេធ​នេះ​ធ្វើឡើង បន្ទាប់ពី​សាស្ត្រាចារ្យ​ជនជាតិ​ចិន​ម្នាក់ឈ្មោះ Zhuang Guotu បានផ្តល់បទ​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Global Times ដែលថាចិន​សំឡឹង​ឃើញ​ធនធាន​រ៉ែ​របស់​ហ្វីលីពីន ពេលដែល​ឲ្យ​ហ្វីលីពីន​ខ្ចីលុយ​ដើម្បី​អភិវឌ្ឍ​ប្រទេស​។ សូមបញ្ជាក់ថាក្រោម​ការដឹកនាំរបស់រដ្ឋាភិបាល ​លោកប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ (Rodrigo Duterte) ចិន​បានផ្ដល់​ហិរញ្ញវត្ថុ​ជាច្រើន​ទៅ​ឲ្យ​ហ្វីលីពីន​។​

នៅក្នុង​កិច្ច​សម្ភាស​នោះ នាពេល​ថ្មីៗ​នេះ សាស្ត្រាចារ្យ មកពី​សាកល​វី​ទ្យា​ល័យ Xiamen និយាយថា ធនធាន​រ៉ែ ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សងបំណុល​រវាង​ចិន និង​ប្រទេស​ដែល​ខ្ចីលុយពី​ចិន​។ លោក​សាស្រ្តាចារ្យបាន​លើកយក​ករណី​ផ្ដល់​កម្ចី​ទៅ​ហ្វីលីពីន​ពី​សំណាក់​ចិន ដែល​តែងតែ​មានភ្ជាប់​កិច្ចព្រមព្រៀង​សងលុយ​វិញ ហើយ​ចិន​ចង់បាន​ធនធាន​រ៉ែ​របស់​ហ្វីលីពីន​ធ្វើជា​ថ្នូរ​។​

ជាការឆ្លើយតប លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​បដិសេធ​ការលើកឡើង​របស់លោកសាស្រ្តាចារ្យ Zhuang Guotu និង​ហៅ​ការលើកឡើង​របស់​សាស្ត្រាចារ្យ​រូបនេះ មិនមែនជា​ជំហរ​របស់​រដ្ឋាភិបាល​ចិន​ឡើយ​។ បើតាម​អ្នកនាំពាក្យ​រូបនេះ ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង ចិន​ពិតជា​តម្រូវ​ប្រទេស​ដែល​ខ្ចីប្រាក់​របស់ខ្លួន​ឲ្យ​ប្រើប្រាស់​ឥណទាន​ជាក់លាក់​ណាមួយ​ដើម្បី​សង​ទឹកប្រាក់​ដែល​ជំពាក់​។​

​អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ ចិន​មិនដែល និង​មិន​ស្នើ​ប្រទេស​ពាក់ព័ន្ធ​ប្រើប្រាស់​ធនធានធម្មជាតិ​របស់ខ្លួន​ជា​ថ្នូរ​ក្នុង​កិច្ចព្រមព្រៀង​ខ្ចីលុយ​ឡើយ​។ ការផ្ដល់​ជំនួយ និង​ការគាំទ្រ​របស់​ចិន​ទៅ​ឲ្យ​ហ្វីលីពីន ក៏​គ្មាន​លក្ខខណ្ឌ​ភ្ជាប់​ដែរ ហើយការសង​បំណុល គឺជា​ការអនុវត្ត​នៅ​ជុំវិញ​ពិភពលោក​។​

​ជាមួយគ្នា​នោះ អ្នកនាំពាក្យ​ដដែល​នេះ ក៏បាន​អះអាង​ដែរ​ថា ចិន​មិន​យក​រឿង​សមុទ្រ​ចិន​ខាងត្បូង​ទៅ​ភ្ជាប់​ជាមួយ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​គម្រោង​អភិ​វ​ឌ្ឃន៍​ឡើយ​។ ការដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺធ្វើឡើង​ឈរលើ​គោលការណ៍​រក្សា​ទំនាក់ទំនង​ចិន និង​ហ្វីលីពីន​ឲ្យ​បានល្អ​ប្រសើរ​។ ជាមួយគ្នានេះ ចិន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ធ្វើការ​ជាមួយ​ហ្វីលីពីន​ដើម្បី​ដោះស្រាយ​ការខ្វែងគំនិត​តាមរយៈ​ការជជែក និង​ការប្រឹក្សា​យោបល់​ទៅមក​។ 

​ចុងបញ្ចប់នៃសន្និសីទ​ព័ត៌មាននោះ​ អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា ទំនាក់ទំនង​រវាង​ចិន និង​ហ្វីលីពីន​ បាន​ផ្លាស់ប្ដូរ​មុខមាត់​តាំងពីឆ្នាំ​២០១៦ ហើយ​ចិន​បាន​ជួយ​យ៉ាងសកម្ម ​ក្នុងការ​ពង្រីក​សេដ្ឋកិច្ច និង​ការរស់នៅ​របស់​ប្រជាជន​ហ្វីលីពីន​។

សូមបញ្ជាក់ថា៖ ​ក្រោយ​ការឡើង​កាន់តំណែង​ប្រធានាធិបតី​របស់លោក Rodrigo Duterte ដែល​ទំនាក់ទំនង​ក្រុង​ម៉ានីល និង​ក្រុង​ប៉េកាំង​ល្អ​ខ្លាំង ទោះ​ជាមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​យ៉ាងណាក្ដី​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor