
លោក យ៉ែម បុញ្ញឬទ្ធិ តំណាងរាស្រ្តអតីគណបក្សសង្គ្រោះជាតិដែលកំពុងនិរន្ទេសខ្លួននៅបរទេស បានឆ្លើយតបទៅនឹងសម្តីរបស់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលប្រាប់ថាបើលោក កឹម សុខា ស្លាប់ក្នុងពន្ធាគាររដ្ឋាភិបាលទទួលខុសត្រូវយកសពទៅបញ្ចុះឬបូជា ថា៖ សម្ដីអ្នក(សុខ ឥសាន) ចេញពីក្រុមគ្រួសារ រៀនពីសាលា ស្ដាប់ពីសាសនា ឮពីប្រព័ន្ធផ្សព្វផ្សាយ ខ្មែរយើងមានវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ល្អខ្ពង់ខ្ពស់ថ្លៃថ្នូររុងរឿង តែពេលនេះសម្ដីអ្នកម្ដេចប្រែក្លាយទៅជាយ៉ាងនេះ?
អតីតប្រធានគណៈកម្មាធិការរដ្ឋសភា បន្ថែមថា៖ សម្ដីអ្នក ក្នុងនាមជាយុវជនបន្តវេន យើងនាំគ្នាប្រឹងប្រែងកសាងវប្បធម៌របស់យើងដែលកំពុងបាក់បែកខ្ទេចខ្ទាំនេះឡើងវិញពីពេលនេះតទៅ។ យើងប្រកួតប្រជែងក្នុងលក្ខណៈថ្លៃថ្នូរ គុណធម៌ សីលធម៌ រៀបចំសង្គមខ្មែរ ដើម្បីមាតុភូមិកម្ពុជាយើងគង់វង្ស កុំឱ្យមានការបែកបាក់ជាតិកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារសម្ដីអ្នក។
ចុងបញ្ចប់ លោកបន្តថា៖ សម្ដីអ្នក នាពេលនេះមានគ្រប់រសជាតិ ទាំងការសើចចំអក ជេរប្រមាថ លាបពណ៌ មួលបង្កាច់ ញុះញង់ បំបែកបំបាក់សង្គមជាតិ ដែលយុវជនបន្តវេនមិនត្រូវយកតម្រាប់តាម គំរូគំរក់បែបនេះក្នុងការដឹកនាំនាវាកម្ពុជានាថ្ងៃខាងមុខ ដើម្បីឱ្យសមជាពលរដ្ឋខ្មែរអ្នកកសាងអង្គរ។