Sponsor
រិទ្ធី

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នេះ សមាគមពលរដ្ឋខ្មែរចំនួន៧ បានចេញសេចក្តីថ្លែងការណ៍រួមត្រៀមខ្លួនស្វាគមន៍និងគាំទ្រដំណើរអញ្ជើញមកដល់របស់ សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីប្រទេសអូស្ត្រាលី ក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។

យោងតាមសេចក្ដីថ្លែងការណ៍រួម របស់សមាគមពលរដ្ឋខ្មែរទាំង៧ នៅអូស្ត្រាលីនិងណូវ៉ែលហ្សេឡង់ បានឲ្យដឹងថា សមាគមពលរដ្ឋខ្មែរមានសេចក្តីរំភើបរីករាយដោយបានទទួលដំណឹងអំពីវត្តមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលពិសេសនាពេលខាងមុខ គឺជាការបង្ហាញឲ្យឃើញពីកិត្តិយសជាតិ ភាពស្មើមុខស្មើមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ។

ដើម្បីបង្ហាញនូវស្មារតីរួបរួមជាតិខ្មែរតែមួយ និងដើម្បីជាការតបស្នងនូវគុណបំណាច់យ៉ាងធំធេងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរ អូស្ត្រាលី-ណូវ៉ែលហ្សេឡង់ នៃសមាគមពលរដ្ឋខ្មែរទាំង៧ បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រ និងស្វាគមន៍ដំណើរអញ្ជើញដល់របស់សម្តេច ហ៊ុន សែន លើទឹកដីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលីនេះ។

សេចក្ដីថ្លែងការណ៍បន្ថែមថា យើងខ្ញុំសូមប្រកាសជាឱឡារិកថា ការគាំទ្រនិងស្វាគមន៍របស់យើងខ្ញុំចំពោះវត្តមាន សម្តេចតេជោ ហ៊ុន សែន នាពេលខាងមុខនេះ គឺជាឆន្ទៈពិតប្រាកដរបស់យើងខ្ញុំ ដែលកើតចេញពីគោរពស្រលាញ់ ការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេច។ 

ចំណែកឯ ក្រុមអ្នកគាំទ្រ អតីតគណបក្សប្រឆាំង បានលើកឡើងថាក្នុងករណីដែលរដ្ឋាភិបាលអូស្ត្រាលី នៅតែអនុញ្ញាតឲ្យសម្ដេច ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំនៅពេលខែមីនា នោះពលរដ្ឋខ្មែរនៅអូស្ត្រាលីនឹងប្រមូលគ្នាធ្វើបាតុកម្មធំ ដែលមានអ្នកចូលរួមមិនតិចជាង៥០០នាក់ ដើម្បីបង្ហាញពីការមិនពេញចិត្ត និងប្រឆាំងការដឹកនាំ របស់លោក ហ៊ុន សែន ។

កាលពីម្សិលមិញ អ្នកស្រី ប៊ូ​ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី បានអំពាវនាវប្រជាពលរដ្ឋខ្មែរនៅអូស្រ្តាលីចូលរួមធ្វើបាតុកម្មប្រឆាំងវត្តមាន សម្តេច ហ៊ុន សែន តាមរយៈការបណ្តាញសង្គមហ្វេសប៊ុក។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor