
ភ្នំពេញៈ ភាគីថៃ នឹងបិទដំណើរការបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ន ប័ណ្ណស៊ីជំពូ និងលិខិតបញ្ជាក់ទំនាក់ទំនងរវាងថៅកែ និងពលករ នៅថ្ងៃទី៣១ ខែមីនា ឆ្នំា២០១៨ ជាកំហិត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតខ្មែរប្រចំាប្រទេសថៃ ចុះថ្ងៃទី១៩ ខែមីនា ឆ្នំា២០១៨។
នៅសល់រយៈពេលត្រឹមតែ១១ថ្ងៃទៀតប៉ុណ្ណោះពលករបរទេសទំាងអស់ ដែលមិនទៅបន្តសុពលភាពប័ណ្ណស្នាក់នៅ ឬធ្វើការនៅប្រទេសថៃនោះ ពួកគេនឹងមិនអនុញ្ញាតឱ្យបន្តនៅប្រទេសថៃនោះទ្បើយ ហើយអាជ្ញាធរថៃនឹងចាត់វិធានការពួកគេទៅតាមផ្លូវច្បាប់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតខ្មែរប្រចំាប្រទេសថៃ ចុះថ្ងៃទី១៩ ខែមីនា ឆ្នំា២០១៨ បានឱ្យដឹងថា ភាគីថៃ នឹងបិទដំណើរការបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ន ប័ណ្ណស៊ីជំពូ និងលិខិតបញ្ជាក់ទំនាក់ទំនងរវាងថៅកែ និងពលករ នៅថ្ងៃទី៣១ ខែមីនា ឆ្នំា២០១៨ជាកំហិត។
លើសពីនេះទៀតនោះ ប្រសិនបើផុតកាលកំណត់បរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នំា២០១៨ អាជ្ញាធរថៃនឹងចាត់វិធានការយ៉ាងតឹងរឹងតាមច្បាប់ ចំពោះពលករបរទេសទំាងអស់ ដែលពុំមានច្បាប់អនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។
ស្ថានទូតខ្មែរប្រចំាប្រទេសថៃ បានអំពាវនាវឱ្យពលករកម្ពុជាទំាងអស់ដែលមិនទាន់បានបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ន ត្រូវរួសរាន់ទៅបន្តសុពលភាពនៅការិយាល័យច្រកចេញចូលតែមួយរបស់ភាគីថៃតាមបណ្តាខេត្ត-ក្រុង ដែលពលកររស់នៅ និងធ្វើការ ឱ្យបានរួចរាល់ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នំា២០១៨៕
