
ភ្នំពេញៈ បុរសម្នាក់ បានត្រឹមតែកាន់លិខិតទិញលក់ម៉ូតូ មកប្តឹងនគរបាលប៉ុស្តិ៍ទឹកថ្លា ឲ្យជួយអន្តរាគមន៍ ក្រោយពីរូបគាត់ចាញ់បោកជនមិនស្គាល់មុខ លួងលោមយកម៉ូតូទៅបញ្ចាំបានលុយនាំគ្នាគេចខ្លួនបាត់ កាលពីថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨៖៣០នាទីព្រឹក នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលរងនូវអំពើរចាញ់បោកគេនោះ ឈ្មោះ ឈួន ខ្នា អាយុ២៨ឆ្នាំមុខរបរ កម្មករោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិឡុកវាយ ឃុំក្រសាំង ស្រុកល្វាហែក ខេត្តស្វាយរៀង។

តាមការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ខ្លួនបានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ីគី Leat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GE-6307 ដោយឌុបប្រពន្ធចេញពីបន្ទប់ជួលទៅធ្វើតេសនៅរោងចក្រក្បែកន្លែងកើតហេតុ ក្រោយមកខ្លួនក៏ជិះម៉ូតូទៅផឹកកាហ្វេ និងលេងបុកបៀយែ នៅចំណុចកើតហេតុនោះ។ ពេលនោះក៏មនុស្សមួយក្រុមមានគ្នា៣ទៅ៤នាក់ បានមកលេងបុកបៀយែជាមួយគាត់ដែរ លេងបានរយៈពេល១ម៉ោង ក្រុមទាំងនោះ បានបបួលខ្លួន(ជនរងគ្រោះ) ទៅហូបបាយផឹកទឹកគោជុល ដោយពួកគេ(ជនសង្ស័យ) ជាអ្នកចេញលុយទាំអស់ ក្រោយមកពួកគេក៏សុំខ្ចីសោម៉ូតូពីជនរងគ្រោះជិះសំដៅទៅកោះពេជ្រ ក្នុងបំណងយកម៉ូតូទៅបញ្ចាំចំនួន២ ដោយ១គ្រឿជារបស់រងគ្រោះ និងទៀតជារបស់ក្រុមជនសង្ស័យ ហើយពួកគេបានប្រាប់ជនរងគ្រោះចាំពេលបញ្ចាំម៉ូតូបានហើយ ចាំចែកលុយគ្នាចាយ ដោយឲ្យជនរងគ្រោះច្រើនជាងគេ។ ហើយក្រុមជនសង្ស័យបាននិយាយប្រាប់ជនរងគ្រោះថា ចាំជួយរកការងារឲ្យធ្វើនៅកន្លែងបើកឡាន។ ព្រោះតែលឺពាក្យទាំងនេះហើយ ទើបជនរងគ្រោះទុកចិត្តក៏ឲ្យម៉ូតូខ្លួនទៅពួកគេ ដោយឲ្យខ្លួនជិះម៉ូតូឌុបតាមពីក្រោយ លុះទីដល់កោះពេជ្រក្រុមជនសង្ស័យក៏ជិះម៉ូតូជនរងគ្រោះយកទៅបញ្ចាំហើយជិះគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយមកទើបដឹងខ្លួនថា ចាញ់បោកគេក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕

