
យោងតាមការចុះផ្សាយរបស់នគរបាលជាតិបានឱ្យដឹងថា៖ មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្រ្តីកាំកុងត្រូល យកផលិតផលក្លែងក្លាយ និងខូចគុណភាពប្រមាណជាង១០តោន ទៅដុតកម្ទេចចោល ក្រោយពីរឹបអូសបានពីឈ្មួញទុច្ចរិតនាពេលកន្លងមក។
ទំនិញដែលកម្លាំងចម្រុះរឹបអូសបានខាងលើនេះ រួមមានចំនួន៦មុខ ដូចជាស្រា លេលាបស្បែក ថ្នាំពេទ្យ កាហ្វេ ភេសជ្ជៈ និងគ្រឿងសំអាងជាច្រើនទៀតសរុបចំនួនជាង១០តោន។ ថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីធ្វើការដុត កម្ចេច លោក លឿង រដ្ឋា អគ្គនាយករងកាំកុងត្រូល បានបង្ហាញថា ទំនិញដែលធ្វើការដុតកម្ទេចចោលនេះ គឺរឹបអូសបានពីឈ្មួយទុច្ចរិតជាបន្តបន្ទាប់នាពេលកន្លងទៅ រួមមានភេសជ្ជៈ៣០តោន ដែលក្រុមរបស់លោកចាប់បាននៅលើទីផ្សារ ដែលកំពុងចរាចរណ៍គ្រោងនឹងកំទេចចោលនាពេលឆាប់ៗខាងមុខនេះផងដែរ។
ចំណែកឯ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធៀន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានលើកឡើងថា៖ ក្រុមការងារបានធ្វើការឃាត់ និងរឹបអូសនូវទំនិញខូចគុណភាព និងមិនស្របច្បាប់ជាបន្តបន្ទាប់ ក្រោយពីស៊ើបដឹងថា របស់ទាំងនោះខុសច្បាប់។
យោងតាមការផ្សព្វផ្សាយដដែលបានឱ្យដឹថា៖ ឯកឧត្តមឧត្តមសេនីយ៍ឯករូបនេះ បានបន្តទៀតថាការដុតកម្ទេចចោលផលិតផលហាមឃាត់ជាង១១តោន នាពេលនេះ គឺជាលើកទី២៦ហើយ ដោយទំនិញទាំងនោះ រួមមាន ថ្នាំពេទ្យ គ្រឿងសំអាង ភេសជ្ជៈប៉ូវកម្លាំង និងសំបកវេចខ្ចប់ បៀរនីឡុង (ROYAL) ប្រេងម៉ាស៊ីន (HXS FORMULA-1) និងស្រាកែច្នៃ ពុំត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
កន្លងមក សមត្ថកិច្ចចម្រុះបានធ្វើការបង្ក្រាបទំនិញក្លែងក្លាយ ទំនិញខូចគុណភាព ប៉ុន្តែ ទោះជាយ៉ាងណាបញ្ហសុវត្ថិភាពចំណីអាហារ និងទំនិញផ្សេងៗនៅតែជារឿងប្រឈមសម្រាប់ប្រជាជនកម្ពុជា។


