
ភ្នំពេញៈ ប្តីហេងស៊យបែកថ្នាំ បង្ខំឲ្យប្រពន្ធឲ្យជក់ថ្នាំ តែប្រពន្ធមិនព្រម ក៏ស្ទុះទាញទៅច្របាច់កប្រពន្ធរហូតទាល់តែស្លាប់ភ្លាមៗតែម្តង។ ហេតុការណ៍ដ៏គួរឲ្យស្អប់ខ្ពើមនេះ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃ វេលាម៉ោងប្រហែលជា១១៖៣០នាទីព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលជាន់ទី៦ បន្ទប់លេខ២៦Z ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា សាកសពរបស់នារីរងគ្រោះមានឈ្មោះ នង ចន្ទ្រា អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតភូមិអាស្ទាំង ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ដោយឡែក ជនសង្ស័យ ឈ្មោះ សែម សែន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតស្រុកក្រគរ ខេត្តពោធិ៍សាត់ (ជាប្ដីហេងស៊យ)។
យោងតាមសម្ដីមិត្ដភក្តិនារីរងគ្រោះ ប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី៦ ខែឆ្នាំដដែល ជនសង្ស័យបានខលទូរស័ព្ទហៅនារីរងគ្រោះ មកលេងក្នុងបន្ទប់កើតហេតុខាងលើនេះ ស្រាប់តែមិនឃើញចុះទៅបន្ទប់ខ្លួនវិញ។ ភ្លាមៗនោះ មិត្ដភក្តិនារីរងគ្រោះ បានយករូបថតរបស់ជនសង្ស័យ មកសួរម្ចាស់ផ្ទះ ទើបម្ចាស់ផ្ទះប្រាប់លេខបន្ទប់ជួលរបស់ជនសង្ស័យ ហើយមិត្ដភក្តិនារីរងគ្រោះបានឡើងមកមើល ក៏ឃើញនារីរងគ្រោះដេកស្ដូកស្ដឹងមិនដឹងខ្លួន ទើបមិត្ដភក្តិនារីរងគ្រោះបានចុះទៅហៅម្ចាស់ផ្ទះ និងសន្ដិសុខ មកដោះកញ្ចក់រួចដោះកន្លះទ្វារចូលទៅខាងក្នុង បានឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។ ចំណែកនារីរងគ្រោះ បានសម្លាប់បាត់បង់ជីវិតទៅហើយ។
ប្រភពដដែលបានបន្ដថា នារីរងគ្រោះ និងជនសង្ស័យ មានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលមួយឆ្នាំមកហើយ តែធ្លាប់បែកគ្នា ទើបតែត្រូវគ្នាទាក់ទងគ្នាធម្មតាទេ និយាយជារួម គឺប្ដីហេងស៊យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ។ ដោយឡែក សពនារីរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើកោសលវិច័យ ហើយធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




