
ប្រជាសហគមន៍ដីធ្លីនៅខេត្តកោះកុងដែលមិនទាន់ទទួលបានដំណោះស្រាយរឿងទំនាស់ដី ជាមួយក្រុមហ៊ុនស្ករអំពៅកោះកុង ហៅកាត់ KSI បានព្រមានថានឹងបោះតង់នៅមុខក្រសួងរៀបចំដែនដី បើក្រសួងមិនពន្លឿនដោះស្រាយដីធ្លីជូនពួកគេតាមការសន្យា។
អ្នកស្រី កេង ហន តំណាងពលរដ្ឋ បានរៀបរាប់ថាពលរដ្ឋជិត ១០០គ្រួសារនៅក្នុងសហគមន៍របស់គាត់ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន KSI ជាង ១០ឆ្នាំហើយ ដែលរហូតមកដល់ពេលនេះ ស្ថាប័នពាក់ព័ន្ធមិនទាន់បានដោះស្រាយនៅឡើយទេ។
អ្នកស្រីអះអាថា៖ ១ខែ ២ខែហើយ នៅតែគ្មានដំណោះស្រាយ ប្រជាជនចេះតែរង់ចាំ ពេលឡើងមក[ក្រសួងរៀបចំដែនដីម្តងៗ អ្នកខ្លះខ្ចីលុយគេ ខ្លះលក់មាន់ លក់ទា ហើយកូនចៅក៏អត់បានទៅរៀនដែរ ចេះតែមកអ៊ីចឹង ដើម្បីរកដំណោះស្រាយ។ រដ្ឋាភិបាលរកដំណោះស្រាយឲ្យបានឆាប់ យើងអាចបន្ថយការជំពាក់គេ តែបើសិនអត់ដោះស្រាយ ប្រជាជននៅតែវេទនារហូត។
នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នេះ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ ក្រុមអ្នកភូមិដែលមានជម្លោះដីធ្លី បានស្ពាយភួយ ម៉ុង កន្ទេល អង្ករ និងម្ហូបអាហារខ្លះ សម្រាប់ត្រៀមបោះ តង់ស្នាក់នៅមុខក្រសួងនេះ ដើម្បីបន្តស្វែងរកដំណោះស្រាយ។
ពលរដ្ឋម្នាក់ទៀត ព្រមានថា៖ ខ្ញុំនឹងនៅទីនេះ តែក្នុងករណីក្រសួងមានសតម្ថកិច្ច ឬក៏ឯកឧត្តម ជា សុផារ៉ា បញ្ជាឲ្យដេញចេញ ពួកយើងទៅដេកលើថ្នល់វិញ ព្រោះកន្លែងនោះជាកន្លែងសាធារណៈ បើសិនជាម្ចាស់ក្រសួង អត់ឲ្យនៅ ពួកយើងចេញទៅក្រៅ តែអត់ទៅណាទេ ចាំឲ្យគាត់ថា គាត់នឹងទៅដោះស្រាយឲ្យពួកយើងនៅពេលណា។
ចំណែកឯ មន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលបានចេញមកជួបក្រុមអ្នកភូមិទាំងនោះ បានបដិសេធ មិនប្រាប់ឈ្មោះនោះ បានអះអាងប្រាប់អ្នកភូមិថា កុំព្រួយបារម្ភពីករណីនេះ ហើយក្រសួង និងស្ថាប័នពាក់ព័ន្ធ កំពុងគិតគូរដោះស្រាយបញ្ហានេះជូនពួកគេឲ្យបានឆាប់។

ពលរដ្ឋអះអាងថា ពួកគាត់មានជម្លោះដីជាមួយក្រុមហ៊ុន ហេង ហុយ នោះ អស់រយៈពេលជិត ១០ឆ្នាំមកហើយ ធ្វើឲ្យអ្នកភូមិប្រឈមនឹងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ហើយអ្នកភូមិខ្លះទៀតបង្ខំចិត្តធ្វើចំណាកស្រុកទាំងប្រថុយនឹងគ្រោះថ្នាក់ និងខ្លះទៀតបន្តស្នាក់នៅតាមវត្តអារាមក្នុងរាជធានីភ្នំពេញ ដើម្បីបន្តស្វែងរកយុត្តិធម៌ពីក្រសួងពាក់ព័ន្ធ។