
កែបៈ កុមារាតូចម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីដើរទៅតាមជីតាយកគោទៅចងឲ្យសុីស្មៅ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ នារសៀលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
កុមារារងគ្រោះឈ្មោះ រឿន គុណ្ណាវឌ្ឍន៍ អាយុ២ឆ្នាំ មានឱពុកឈ្មោះ ហួន វុទ្ធី អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន និងម្តាយឈ្មោះ ផាត សូមា អាយុ២៦ឆ្នាំ មុខរបរជាងអ៊ុតសក់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កុមារារងគ្រោះខាងលើ បានដើរតាមទៅជីតាឈ្មោះ សេង ម៉ាប់ អាយុ៥២ឆ្នាំ មុខរបរកសិករ ទៅចងគោក្បែរស្រះទឹកមួយកន្លែងក្នុងភូមិ។ ស្របពេលជីតាកំពុងវាយស្នឹងគោ ប្រហែសតែ២នាទី ស្រាប់តែងាកមកមើលចៅ ក៏បាត់ខ្លួនតែម្តង ធ្វើឲ្យមានការសង្ស័យចៅធ្លាក់ចូលស្រះទឹក ក៏ស្រែកឆោឡោឡើង ហៅឲ្យអ្នកស្រុកជួយចុះរាវរកអស់រយៈពេលជាង៤ម៉ោង ទើបរកឃើញសាកសពចៅប្រុសរបស់ខ្លួន៕

ក្រោយកើតហេតុ ក្រុមគ្រួសារកុមារងគ្រោះ មានតែសោកសង្វេ្រង យកសពកូនចៅរបស់ខ្លួនធ្វើបុណ្យតាមប្រពៃណីទាំងអារម្មណ៍ក្តុកក្តួលជាពន់ពេក៕



