
ភ្នំពេញៈ មនុស្ស២នាក់ ត្រូវបានសង្គ្រោះអាយុជីវិតផុតពីសេចក្ដីស្លាប់ បន្ទាប់ពីជួបគ្រោះថ្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ដោយត្រូវគៀបជាប់ក្នុងកាប៊ីនរថយន្តសាំយ៉ុង របស់សាលាអន្តរជាតិគីហ្សូណា ខណៈពេលបុកជាមួយរថយន្តកុងទីន័រ ពេញទំហឹងនៅមុខបុរី New Town អូរឌឹម តាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង៤៖៤០នាទីទៀបភ្លឺ ថ្ងៃច័ន្ទ ៣កើត ខែចេត្ត ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ ប្រាប់ភ្នាក់ងារសារព័ត៌មាន Cam Post ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសាំយ៉ុង របស់សាលាអន្តរជាតិគីហ្សូណា ពាក់ស្លាកលេខ ភ្នំពេញ 2AN-5507 បើកយ៉ាងលឿនតាមផ្លូវជាតិលេខ៤ ពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងទីន័ររបស់ក្រុមហ៊ុន តេង ឡាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7052 មួយគ្រឿង ធ្វើដំណើរពីកើទៅលិចវិញ បានបុកពេញទំហឹងតែម្ដង បណ្ដាលឲ្យមនុស្ស២នាក់ របួសធ្ងន់ធ្ងរ ព្រោះគៀបជាប់ក្នុងកាប៊ីនរថយន្តសាំយ៉ុង សាលាអន្តរជាតិគីហ្សូណា ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋជាច្រើន ដែលធ្វើដំណើរឆ្លងកាត់ បានជួយគាស់ទ្វារដើម្បីជួយមនុស្សដែលគៀបជាប់ក្នុងរថយន្ត។ ប៉ុន្តែដោយសារគាស់មិនចេញទេ ប្រជាពលរដ្ឋក៏បានស្វែងរកអន្តរាគមន៍ឲ្យក្រុមសង្គ្រោះ៧១១ មកជួយសង្គ្រោះដោយកាត់ដែក និងទ្វារឡាន ដើម្បីយកជនរងគ្រោះទាំង២នាក់ខាងលើចេញបាន។

ក្រោយកើតហេតុ អ្នករងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះ៧១១ ជួយសង្គ្រោះទាន់ពេល និងឲ្យរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែករថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច ចុះធ្វើកាវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕













