header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ មនុស្សមួយគ្រួសារ មានឪពុកម្ដាយ និងកូន បានរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះរ៉ឺម៉កម៉ូតូជាមួយគ្នា ហើយត្រូវរថយន្ត PAJERO មួយគ្រឿង បើកបុកពីក្រោយពេញទំហឹង រួចបើករថយន្តគេចខ្លួនពីការទទួលខុសត្រូវនៅកន្លែងកើតហេតុ រហូតដល់ស្ពានអាកាសក្បាលថ្នល់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃអាទិត្យ​ ២កើត ខែចេត្រ ឆ្នាំរកា ពន្វស័ក ព.ស២៥៦១ ត្រូវនឹងទី១៨ ខែមីនា ឆ្នាំ២០១៨នេះ នៅចំណុចមុខច្រកចូលមន្ទីរពេទ្យជោរ៉ៃ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងស្នោរ សង្កាត់និរោធ៍​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យភ្នាក់ងារសារព័ត៌មាន Cam Post ដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះរ៉ឺម៉កម៉ូតូកង់បី ពាក់ស្លាកលេខ ភ្នំពេញ 1FZ-4927 ឌុបកូនប្រុសតូចអាយុប្រហែល៥ឆ្នាំ និងប្រពន្ធ ចេញពីធ្វើការរោងចក្រ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច។ ខណៈពេលពួកគេ ធ្វើដំណើរមកដល់ចំណុចកើតហេតុនោះ ក៏មានរថយន្តម៉ាក PAJERO ពណ៌ស្លែ ពាក់ស្លាកលេខ រដ្ឋ19 2-0003 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករ៉ឺម៉កកង់បីពីក្រោយពេញទំហឹង បណ្តាលឲ្យរ៉ឺម៉កម៉ូតូវិល៣ទៅ៤ជុំ ខ្ទាតជាង៣០ម៉ែត្រ និងអ្នកជិះរងរបួសធ្ងន់ទាំងបីនាក់។ បុរសជាឪពុក បានរបួសបាក់ដៃឆ្វេង និងបែកមុខបែកមាត់ រីឯស្ត្រីជាប្រពន្ធរបួសធ្ងន់បែកមុខសន្លប់ស្ដូកស្ដឹង និងក្មេងប្រុសអាយុប្រហែល៥ឆ្នាំ ត្រូវជាកូនរងរបួសធ្ងន់បែកក្បាល និងមាត់ ហើយត្រូវបានអ្នកឃើញហេតុការណ៍នាំគ្នាជួយលើកដាក់ម៉ូតូដឹកចូលទៅមន្ទីរពេទ្យជោរ៉ៃភ្លាមៗតែម្ដង។

សាក្សីដដែលបានបន្តថា ភ្លាមនោះ រថយន្តបង្កមិនព្រមឈប់នោះទេ ហើយបានបើករត់គេចខ្លួនពីកន្លែងកើតហេតុ តែត្រូវបានអ្នកដំណើរស្រែកឲ្យជួយឃាត់ ទើបត្រូវបានកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ ដែលកំពុងល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន ឮក៏ចេញជួយអន្តរាគមន៍ជាមួយប្រជាពលរដ្ឋ រហូតដល់ក្រោមស្ពានអាកាសក្បាលថ្នល់ ទើបឃាត់រថយន្ត និងអ្នកបើករថយន្តបាន ដើម្បីយកមកធ្វើការសាកសួរ រួចនាំមកកន្លែងកើតហេតុវិញ ប្រគល់ឲ្យនគរបាលចរាចរណ៍ធ្វើកំណត់ហេតុបន្ត។

ក្រោយពេលកើតហេតុ កម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ បានប្រគល់អ្នកបើករថយន្តបង្កហេតុឲ្យសមត្ថកិច្ចមូលដ្ឋានចាត់ការតាមច្បាប់ ហើយទាក់ទងនគរបាលជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះធ្វើការវាស់វែងរថយន្ត និងរ៉ឺម៉កកង់បី យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ រង់ចាំភាគីទាំងសងខាងមកដោះស្រាយតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post