
ប៉ៃលិនៈ មន្ត្រីយោធាការពារព្រំដែន នៅអង្គភាពសឹករងក្រុងប៉ៃលិន បានបាញ់បុរសម្នាក់ ចំនួន២គ្រាប់ ដោយមិនដឹងមូលហេតុ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ស្នូរសំឡេងផ្ទុះអាវុធ២គ្រាប់នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចអូរតាផៃ នៅក្បែរប៉ុស្តិ៍៦៨ ស្ថិតក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។
អនុសេនីយ៍ឯក វ៉ន វាសនា មន្ត្រីនគរបាលខេត្តប៉ៃលិន ប្រាប់អង្គភាពសារព័ត៌មាន Cam Post ឲ្យដឹងថា ជនដៃដល់ឈ្មោះ រ៉ា ភេទប្រុស ជាមន្រ្ដីយោធាការពារព្រំដែនអង្គភាពសឹករងក្រុងប៉ៃលិន បានយកកាំភ្លើងម៉ាក AK47 បាញ់ចំនួន២គ្រាប់ សម្ដៅទៅជនរងគ្រោះឈ្មោះ នឿង នាត ភេទប្រុស អាយុ២៨ឆ្នាំ មានទីកន្លែងកំណើតក្នុងភូមិជ្រឹងខាងលិច ឃុំកូនក្រៀល ស្រុកសំរោង ខេត្ដឧត្ដរមានជ័យ បច្ចុប្បន្នរស់នៅទីតាំងកើតហេតុខាងលើ បណ្ដាលឲ្យត្រូវចំសាច់ដុំដៃខាងឆ្វេងក្រោមក្លៀក។

ក្រោយកើតហេតុបន្តិច ជនរងគ្រោះត្រូវបានក្រុមអង្គការ HALO ជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកជនបង្ក ត្រូវបានមេមន្រ្ដីយោធា នៃអង្គភាពសឹករងខេត្តប៉ៃលិន ចាប់ខ្លួនភ្លាមៗ ដើម្បីចាត់ការតាមនីតិវិធី។ លោក វ៉ន វាសនា បញ្ជាក់។

ទោះជាយ៉ាងណា ទាក់ទិននឹងករណីនេះ មិនទាន់មានសេចក្តីរាយការណ៍លម្អិតនៅឡើយទេ ជុំវិញករណីមន្ត្រីយោធាបាញ់ប្រហារប្រជាពលរដ្ឋបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរបែបនេះ ហើយខណៈនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងសាកសួរជនសង្ស័យផងដែរ៕




