
កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នេះ ជនល្មើស ដែលបានបាញ់ស្លាប់ សត្វទន្សោងមួយក្បាល ស្លាប់យ៉ាងគួរឲ្យអាណិត ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយ។ ហើយសមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ហើយ។ ជនល្មើសដែលបានបាញ់សម្លាប់សត្វព្រៃមានឈ្មោះ សូ ស៊ីណា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទៀប ខេត្តស្វាយរៀង ហើយសម្ថកិច្ចបានដកហូតរថយន្ត បានមួយគ្រឿង ម៉ាក VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-7435 សាច់ទន្សោង១២០គីឡូក្រាម ជើងមុខ០២ ភ្លៅ ក្រោយ០១។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជូនជនបង្ក និងវត្ថុតាង ទៅមន្ទីបរិស្ថានខេត្តកំពង់ស្ពឺ ពេលនេះកងរាជអាវុធហត្ថស្រុកថ្ពង និងរដ្ឋបាលព្រៃឈើ នគបាលស្រុកបរិស្ថាន កំពុងចុះធ្វើកំណត់ហេតុ កន្លែងកើតហេតុ ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅតុលាកាតាមនិតិវិធីច្បាប់។

សត្វទន្សោងគោព្រៃមួយក្បាលទម្ងន់ជាង១២០គីឡូក្រាម ដែលជាប្រភេទសត្វដ៏កម្រមួយ ត្រូវបានព្រានព្រៃបាញ់សម្លាប់ ដើម្បីភ្លះសាច់ដឹកយកទៅលក់ តែត្រូវកម្លាំងការពារសត្វព្រៃ និងកម្លាំងអាវុធហត្ថ តាមដានចាប់បាននៅកន្លែង ក្នុងនោះឃាត់ខ្លួនជនសង្ស័យបានម្នាក់ រថយន្ត១គ្រឿង រួមទាំងសាច់សត្វនេះ នៅសល់តែជើងមុខ និងក្រោយប៉ុណ្ណោះ។
សូមបញ្ជាក់ថា កម្លាំងបានប្រទះឃើញ ករណីសម្លាប់សត្វទន្សោងគោព្រៃ នៅវេលាម៉ោង២១៖៤០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភ្នំពពូល ក្នុងព្រៃសហគមន៍ចំរាក ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សត្វដែលត្រូវគេបាញ់សម្លាប់ ជាសត្វទន្សោងឈ្មោលមួយក្បាល ក្នុងព្រៃសហគមន៍ខាងលើ។






