header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ឃាតករដ៏សាហាវ ប្រើប្រាស់កាំបិតចុងស្រួច ចាក់ អារក សម្លាប់យុវជនម្នាក់ឲ្យស្លាប់ឱបគល់ឈើ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញសាកសព កាលវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅលើដីវាល ខាងក្រោយរោងចក្របឺរី ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យភ្ញាក់ផ្អើល ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងជំនាញស្រាវជ្រាវឈានដល់ចាប់ឃាត់ខ្លួន បានកាលពីវេលាម៉ោង១១ និង១៥នាទី ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ ខណៈដែលរូបគេសង្ងំលាក់ខ្លួននៅក្នុងភូមិជម្ជូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ដែលឃាត់ខ្លួនឈ្មោះ អាន សុភាព ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកាប់ជ្រូក មានទីលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ឯម សុជាតិ ហៅវិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអូរដឹម សង្កាត់ចោមចៅ៣ និងមានស្រុកកំណើត ភូមិព្រៃរំដួល ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ដោយឡែកនារីជាគូរសង្សារ ឈ្មោះ ធៀម ធារី អាយុ២៣ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលភូមិជន្ពូវ័ន សង្កាត់ចោមចៅ៣ មានស្រុកកំណើតនៅខេត្តតាកែវ ។

ជនដៃដល់ជាឃាតកបានរៀបរាប់ប្រាប់ឲ្យដឹងថា រូបគេបានបែកបាក់ស្នេហ៍ជាមួយនារីម្នាក់ជាគូរសង្សារជាង១ឆ្នាំហើយ។ ក្រោយមកនារីជាសង្សារក៏មានទំនាក់ទំនងជាមួយយុវជនរងគ្រោះវិញម្តង ដោយស្នាក់នៅជាមួយគ្នា ច្រើនខែមកហើយ ហើយនារីរូបនោះទៀតសោត ក៏បានប្រាប់ដែរថា ឈប់ទំនាក់ទំនងជាមួយសង្សារចាស់យូរហើយ។ តែជនរងគ្រោះមិនជឿរ កើតចិត្តប្រច័ណ្ឌ ហើយក៏ធ្លាប់ឃើញនាងលួចមានទំនាក់ទំនងតាមទូរស័ព្ទជាមួយសង្សារចាស់ (ឃាតករ) ផ្ទុះកំហឹងដឺដងសម្តីដាក់គ្នា ប្រើល្បិចកលបំបែកស្នេហ៍រៀងខ្លួន។ រហូតដល់វេលាម៉ោង១ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះក៏បានណាត់ខ្លួនឲ្យមកជួបនៅដីវាលខាងក្រោយរោងចក្របឺរី ជាកន្លែងកើតហេតុ។ លុះទៅជួបតាមការណាត់ហើយ ជនរងគ្រោះមានទាំងកាន់កូនកាំបិតចុងស្រួចមួយផង ជជែកគ្នារឿងសង្សារ ឆក់ដកយកកូនសោម៉ូតូរបស់ខ្លួនទៀត ហើយជនរងគ្រោះបានទូរស័ព្ទទៅជេរស្តី នាងជាអតីតសង្សារ រឿងប្រុសស្នេហ៍បាននៅដេកឱបជាមួយរហូត ចំណែកខ្លួនអត់លិឍ។ ដោយឃើញជនរងគ្រោះឈរនិយាយទូរស័ព្ទភ្លេចខ្លួន ខ្លួនក៏ដើរទៅពីក្រោយឆក់យកបានកូនកាំបិត ចាក់លើជនរងគ្រោះត្រូវចំស្មាដួល រួចចាប់អាករបន្ថែមស្លាប់តែម្តង ហើយក៏ជិះម៉ូតូយកកូនកាំបិតទៅបោះបោលក្នុងលូទឹកស្អុយមុខវិទ្យាល័យជម្ពូវ័ន ហើយបានទៅសង្ងំដេកនៅផ្ទះវិញ។

តាមមន្ត្រីនគរបាលបានឲ្យដឹងថា ក្រោយកើតហេតុ សាកសពមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តពោធិ៍ចិនតុង ហើយធ្វើការស្រាវជ្រាវ នៅទីបំផុតក្រោយពីស៊ើបអង្កេត ស្រាវជ្រាវ នៅវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី១៦ នេះ ឃាតករ ត្រូវបានចាប់ខ្លួននៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ នាំទៅសាកសួរ រួចនាំទៅចង្អុលបង្ហាញ កន្លែងបោះកាំបិតចោល និងទៅធ្វើត្រាប់ដល់កន្លែងកើតហេតុ រួចបន្តទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post