
ភ្នំពេញៈ អគ្គនាយរងកាំកុងត្រូល លោក លឿង រដ្ឋា បានបញ្ជាក់ថា កាំកុងត្រូលនៅតាមជាយ ជុំវិញប្រទេសកម្ពុជា ចាប់បានផលិតផលទំនិញ ហាមឃាត់ចំនួន៤តោនកន្លះ ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៨ ។
អគ្គនាយរងកាំកុងត្រូល បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ការដុតបំផ្លាញ ទំនិញហាមឃាត់ជាង១១តោន នៅ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ថា “ ២ខែចាប់បានទំនិញ ហាមឃាត់៤តោនកន្លះ ខណៈមានភេសជ្ជៈ៣០តោន ចាប់បាននៅលើទីផ្សារ ដែលកំពុងចរាចរណ៍ ”។
លោកបន្តថា ទំនិញចាប់បានទាំងអស់នេះ នឹងដុតកំទេចចោលនាពេលខាងមុខ។ សម្រាប់ឆ្នាំ២០១៧វិញ នៅតាមជាយដែន ចាប់បានជាង៥០តោន ក្នុងនោះចាប់បានទំនិញ កំពុងចរាចរណ៍លើទីផ្សារ២៦តោន។
ចំពោះទំនិញខូចគុណភាព ផលិតផលក្លែងក្លាយ និងផលិតផលនាំចូលគ្មានច្បាប់ អនុញ្ញាតទាំង១១តោន ដុតបំផ្លាញចោលនោះរួមមាន៖ ផលិតផលគ្រឿងសំអាង លាយសារធាតុគីមីខុសច្បាប់, ឱសថក្លែងក្លាយ, ចំណីអាហារ និងសាច់ខូចគុណភាព ព្រមទាំងសារធាតុគីមីខុសច្បាប់ ត្រូវបានធ្វើការដុតកម្ទេចចោល ចំនួន ២៥លើករួចមកហើយ ។
ការដុតកម្ទេចចោល ផលិតផលហាមឃាត់ជាង ១១តោន នៅថ្ងៃនេះ គឺជាលើកទី២៦ហើយ ដោយទំនិញទាំងនោះរួមមាន៖ ថ្នាំពេទ្យ, គ្រឿងសំអាង, ភេសជ្ជៈប៉ូវកម្លាំង និងសំបកវេចខ្ចប់, បៀរនីឡុង (ROYAL), ប្រេងម៉ាស៊ីន (HXS FORMULA-1) និងស្រាកែច្នៃ ពុំត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស៕

