
នាយឧត្តមសេនីយ៍ នេត សាវឿន ស្នងការដ្ឋាននគរបាលជាតិ បានជំរុញទៅនាយកដ្ឋានបុគ្គលិក ពិនិត្យលទ្ធភាពស្រ្តីឲ្យធ្វើជាប្រធាននាយកដ្ឋាន អង្គភាព និងស្នងការនគរបាលរាជធានី-ខេត្ត ដោយថាដើម្បីចូលរួមថែរក្សាសុវត្ថិភាព និងសន្តិសុខប្រទេសជាតិ។
នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ ក្នុងពិធីអបអសាទរទិវាអន្តរជាតិនារី៨ មីនា ខួបទី១០៧ ក្រោមវិធានបទ ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ថា រាជ រដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្រ្តី ដោយថាស្ត្រីក៏មានសមត្ថិភាពធ្វើការងារដូចបុរសដែរ។ នេះបើតាការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍រូបនេះ បានជំរុញទៅនាយកដ្ឋានបុគ្គលិក គប្បីធ្វើការពិចារណាក្នុងការដាក់ស្រ្តីធ្វើជាប្រធាននាយកដ្ឋាន អង្គភាព និងស្នងការតាមបណ្តារាជធានី-ខេត្តនានា ដើម្បីឲ្យចលនាស្រ្តីកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ក្នុងការចូលរួមថែរក្សាសុវត្ថិភាព សុខសន្តិភាព សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិយើង។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា៖ នាពេលបច្ចុប្បន្ននេះ គឺមានស្រ្តីជិតមួយពាន់នាក់ កំពុងបម្រើការជានគរបាល ដោយអ្នកខ្លះធ្វើជាអគ្គស្នងការរង និងអនុប្រធាននាយកដ្ឋាន និងអង្គភាពជាដើម។


