header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង បានធ្វើការរិះគន់ដល់មន្ត្រីជំនាញកាំកុងត្រូលខេត្តស្វាយរៀងយ៉ាងខ្លាំង ដោយបានបណ្តោយឲ្យឈ្មួញនាំទំនិញគ្រប់ប្រភេទ ដូចជា បន្លែផ្លែឈើ ត្រីសាច់ ស៊ុត គ្រឿងកំប៉ុង ជិតហួសដឺឡេតាមច្រករបៀងមួយចំនួនក្នុងខេត្ត មិនដែលឃើញមានមន្ត្រីកាំកុងត្រូលជំនាញ ចុះមកពិនិត្យអ្វីនោះឡើយ ។

យោងតាមសេចក្ដីរាយការណ៍ពីពលរដ្ឋ បានថ្លែងប្រាប់អង្គភាព CAM POST នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ថា តាមច្រករបៀងមួយចំនួន នៅក្រុងបាវិត និងរបៀងមួយចំនួនទៀត មាននៅច្រករបៀងសំយោង ឃុំសំយោង ស្រុកកំពង់រោទិ និងច្រកតំបន់បាត្រាស់ ឃុំដូង ស្រុករមាសហែក ច្រកទ្វេភាគីបុសមន ស្រុករំដួលជាដើម មានឈ្មួញកំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការដឹកជញ្ជូនទំនិញជាគ្រឿងកំប៉ុង បន្លែផ្លែឈើ ត្រីសាច់ ស៊ុត ដោយរលូនដោយមានការបើកភ្លើងពី លោក ផឹង និល មេកាំកុងត្រូលខេត្តស្វាយរៀង និងកូនចៅចាំប្រមូលសំណែនពីឈ្មួញដឹកទំនិញទាំងនោះ យ៉ាងជាក់សាច់ពុំមានការរំខានពីមន្ត្រីកាំកុងត្រូលនោះឡើយ ។

សេចក្តីរាយការបានឲ្យដឹងទៀតថា មានច្រករបៀងខ្លះមិនដែលឃើញមានវត្តមានមន្ត្រីកាំកុងត្រូលប្រចាំការនៅទីនោះទេ ឃើញមានតែកម្មករឈរចាំរាប់ក្បាលម៉ូតូ និងក្បាលរថយន្តដឹកទំនិញយ៉ាងរំភើយទៅវិញ មិនដែលពិនិត្យអ្វីសោះឲ្យតែមានលុយបង់គ្រប់ចំនួនទៅ គឺokទៅហើយ ។

ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃនៅតាមច្រករបៀងមួយចំនួន ក្នុងខត្តស្វាយរៀង ក៏មានឈ្មួញជនជាតិវៀតណាមជាច្រើននាក់ បាននឹងកំពុងដឹកជញ្ជូនទំនិញដូចស្រមោចជញ្ជូនស្ករជាច្រើនប្រភេទ នាំចូលមកលក់នៅតាមបណ្តាទីផ្សារមួយចំនួន ក្នុងភូមិសាស្ត្រ នៃទឹកដីខេត្តស្វាយរៀង ហើយគេសង្ស័យថា រាល់មុខទំនិញទាំងអស់នោះ ពុំដែលត្រូវបានមន្ត្រីជំនាញ ចុះទៅធ្វើការត្រួតពិនិត្យរកសារធាតុ ដែលច្បាប់ហាមឃាត់នោះទេ គឺនិយាយជារួមចូលមួយសេរីគ្មានការរំខានពីសំណាក់មន្ត្រីជំនាញនោះឡើយ ។

ប្រភពបន្តថា ចំពោះបញ្ហាទំនិញ ដែលត្រូវបានឈ្មួញធ្វើការនាំចូល គឺកើតមានច្រើននៅវេលាទៀបភ្លឺ (ចន្លោះពីម៉ោង៥ទៅម៉ោង៦ព្រឹក) ដោយដឹកជាលក្ខណៈម៉ូតូ រឺ ម៉ូតូរ៉ឺម៉ក ដោយមានទ្រុងដាក់ទំនិញយ៉ាងងាយស្រួល ពុំចាំបាច់មានរថយន្តដឹកជញ្ជូនបន្តនោះទេ គឺដឹកយកទៅដាក់ឲ្យម៉ូយនៅតាមស្តង់ រឺតាមទីផ្សារនានា ជាពិសេសនៅក្រុងបាវិត ហើយបន្តយកមកដល់ផ្សារមួយចំនួន នៅក្នុងក្រុងស្វាយរៀងផងដែរ ហើយក៏មានពួកឈ្មួញខ្លះបានបន្តដឹកម្ហូបចំណី ទំនិញផ្លែឈើទាំងនោះ ទៅដាក់នៅតាមបណ្តាអាហាដ្ឋាន ភោជនីយ៍ដ្ឋាន និងកាស៊ីណូខ្លះផងដែរ ។

ប្រភពដដែលបានបន្ថែមទៀតថា នាពេលកន្លងមក នៅតាមច្រករបៀងដែលត្រូវបានឈ្មួញនាំចូលនូវផ្លែឈើ បន្លែ ត្រីសាច់ផ្សេងៗនោះ តែងតែមានមន្ត្រីជំនាញ ចុះទៅត្រួតពិនិត្យរកសារធាតុគីមីដែលច្បាប់ បានហាមឃាត់មិនឲ្យប្រើលើមុខម្ហូបចំណីអាហារ ឬប្រើមានចំនួនកម្រិតកំណត់លើបន្លែ ផ្លែឈើ ឬសាច់សត្វ ហើយជាលទ្ធផល គឺបានរកឃើញនូវសារធាតុថ្នាំបាញ់សត្វល្អិតនៅលើស្លឹកគូឆាយ និងមើមខ្ទឹម ហើយមន្ត្រីជំនាញទាំងនោះ ក៏ធ្លាប់បានធ្វើការណែនាំដល់ពួកឈ្មួញឲ្យដឹងអំពីផលប៉ះពាល់ នៃសារធាតុគីមីដែលច្បាប់ហាមឃាត់ ចំពោះសុខភាពរបស់អ្នកបរិភោគ ។

ទោះបីជាយ៉ាងណាប្រជាពលរដ្ឋក៏សំណូមពរ ដល់មន្ត្រីជំនាញកាំកុងត្រូលខេត្តស្វាយរៀង ពិសេស លោក ផឹង និល ជាប្រធានសាខាកាំកុងត្រូល ដ៏មានអំណាចមេត្តា ចុះត្រួតពិនិត្យបន្លែផ្លែឈើគ្រប់មុខដូចភ្លៀងរលឹម កុំធ្វើដូចភ្លើងចម្បើងបានតែមួយប៉្រាវ ក៏ស្ងាត់ឈឹងសំខាន់នោះធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ដោយពួកគាត់ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តសង្ឃឹមនិងទុកចិត្តលើមន្ត្រីជំនាញកាំកង់ត្រូលខេត្តស្វាយរៀងនេះ ។

ពាក់ព័ន្ធនិងករណីខាងលើនេះ អង្គភាព CAM POST មិនអាចទំនាក់ទំនងទៅលោក ផឹង និល ជាប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ព្រោះគ្មានលេខទូរស័ព្ទ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post