header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុ ៖ពិតជាមានការហួសចិត្ត និងមិនដឹងនិយាយថាយ៉ាងម៉េច ខេត្តមាត់សមុទ្រ ដែលសម្បូរទៅដោយគ្រឿងសមុទ្រដូចជា មឹក បង្គារ ងាវ ត្រី ជាច្រើនប្រភេទ ប៉ុន្តែបែរជាសមត្ថកិច្ចកាំកុងត្រូល បានរកឃើញសារធាតុគីមីនៅលើបង្គារស្រស់ ដែលអាជីវករដាក់លក់នៅ ក្នុងផ្សារលើ ក្រុង-ខេត្តព្រះសីហនុទៅវិញ ។ ការរកឃើញសារធាតុគីមីលើបង្គារស្រស់នេះ ធ្វើឡើងនៅថ្ងៃទី ១៤ មីនា ខណៈពេលដែលមន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយនឹងមន្រ្តីពាក់ព័ន្ធ បានចុះត្រួតពិនិត្យទំនិញ និងបន្លែផលិត ពូជត្រីសាច់ជាដើម នៅក្នុងផ្សារលើក្រុងព្រះសីហនុ ដើម្បីពិនិត្យរកមើលសារធាតុគីមី និងទប់ស្កាត់ការលក់ដូរមុខម្ហូបខូចគុណភាព ។

លោក ស៊ឹម រ៉ាស៊ី អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដែលដឹកនាំមន្រ្តីជំនាញចុះពិនិត្យនេះ បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ និងធ្វើត្តេស៍បឋមលើទំនិញជាប្រភេទគ្រឿងកំប៉ុង ម្ហូបអាហារ ត្រីសាច់ ជ្រក់ ជាពិសេសទៅលើគ្រឿងសមុទ្រ ជាលទ្ធផល មន្រ្តីជំនាញកាំកុងត្រូល បានរកឃើញសារធាតុគីមីformalin នៅលើបង្គារស្រស់ចំនួន ៤គីឡូកន្លះ និងរកឃើញជ្រក់ស្ពៃមានដាក់សារធាតុគីមីសាលីសាលីតអាស៊ីតចំនួន ៥គីឡូ២ខាំ ។

លោកអនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា ដោយឡែក ចំពោះបន្លែផ្លែឈើផ្សេងៗ មន្ត្រីជំនាញកាំកុងត្រូលខេត្តព្រះសីហនុ បានយកគំរូ ឬមុខបន្លែស្រស់និងផ្លែឈើមួយចំនួនពីតូបលក់ដូរ ក្នុងផ្សារលេ ទៅមន្ទីរពិសោធន៍នៅសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដើម្បីពិនិត្យឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។ លោកអនុប្រធានរូបនេះ បន្ថែមទៀតថា ចំពោះបង្គារស្រស់ និងជ្រក់ស្ពៃ ដែលមន្ត្រីសាខាកាំកុងត្រូលខេត្ត រកឃើញមានសារធាតុគីមី នឹងយកទៅកំទេចចោល ភ្លាមៗបន្ទាប់ពីបានធ្វើការដកហូត។

ជាមួយគ្នានេះដែរ លោកអនុប្រធានសាខាកាំកុងត្រូលខេត្ត ក៍បានធ្វើការអំពាវនាវ ទៅដល់បងប្អូនអាជីវករទាំងអស់ ដែលកំពុងតែដាក់លក់ទំនិញ ពិសេសគ្រឿងសមុទ្រ មិនត្រូវដាក់សារធាតុគីមីហាមឃាត់ ដែលនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋនោះទេ ហើយត្រូវតែលក់ដូរទំនិញណាដែលមានគុណភាពល្អ មិនខូចគុណភាព នឹងមិនហួសកាលបរិច្ឆេទប្រើប្រាស់ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពសាធារណៈ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post