header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខា ឥសាន និងលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា បានប្រតិកម្មនិងការវាយតម្លៃពីប្រទេសកម្ពុជា របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា គឺជាការវាយតម្លៃប្រកបដោយអវិជ្ជាមាន មិនផ្សារភ្ជាប់នឹងការពិត។

លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ថា នៅពេលនេះ ក៏ដូចជា ពេលមុនៗដែរ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីសិទ្ធិមនុស្ស បានសន្និដ្ឋាន និងវាយតម្លៃប្រកបដោយអវិជ្ជមាន ដែលមិនផ្សារភ្ជាប់ទៅនឹងការពិតជាក់ស្តែងនៅ កម្ពុជានោះទេ។

លោកបន្តថា ការចាប់ខ្លួន កឹម សុខា និងការហាមមនុស្ស១១៨ នាក់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ អាស្រ័យលើបទល្មើសរបស់សាម៉ីជនផ្ទាល់ និងបង្ហាញភ័ស្តុតាង ដោយខ្លួនឯង មិនមានអ្នកដទៃណាបង្កើតឲ្យទេ។ លោកបញ្ជាក់ថា «តើអាចលើកលែងឲ្យបានទេ អំពើក្បត់ជាតិ តើប្រទេសណាលើកលែងឲ្យជនក្បត់ជាតិនោះ ?  ការទាមទារចង់ឲ្យជនក្បត់ជាតិ បានរួចទោស មានន័យថា ចង់បំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ និង សេចក្តីសុខរបស់ប្រជាជនទូទាំងប្រទេស»

ចំពោះការលើកឡើងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិថា ការបោះឆ្នោតជ្រើសរើសតាំងសមាជិករដ្ឋសភានៅពេលខាងមុខថា ទោះបីគ្មានបក្សប្រឆាំង ក៏នៅតែប្រជាធិបតេយ្យសេរីពហុបក្សដែរ ។ ព្រោះមានប្រទេស ខ្លះមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ក៏នៅមានប្រទេសជាច្រើនទៀតទទួលស្គាល់ដែរ ។ ប្រជាធិបតេយ្យនៅកម្ពុជា នៅតែរឹងមាំនិងរីកចម្រើន។

លោកក៏បានលើកឡើងទៀតថា លំហរសេរីភាពរបស់អង្គការសង្គមស៊ីវិលរាប់ពាន់ មានការបើកយ៉ាងទូលំទូលាយ  តែមានលក្ខណៈតូចចង្អៀតសម្រាប់អង្គការមួយចំនួនតូច ដែលរំលោភច្បាប់ និងអនុវត្តមិនត្រឹមត្រូវតាមលក្ខន្តិកៈរបស់ខ្លួន។ សេរីភាពខាងការបញ្ចេញមតិ ត្រូវបានបើទូលាយស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ តែត្រូវមានព្រំដែន មិនអាចចេះ តែធ្វើអ្វីតាមអំពើចិត្តរហូតដល់ប៉ះពាល់ដល់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងដល់សន្តិសុខជាតិនោះទេ។

លោកគូសបញ្ជាក់ថា ការកំណត់សិទ្ធិបញ្ចេញមតិដោយច្បាប់មិនមែនជាការរឹតបន្តឹងសិទ្ធិសេរីភាពនោះទេ។ រដ្ឋមិនបានយកច្បាប់ដើម្បីគាបសង្កត់សិទ្ធិសេរីភាពពលរដ្ឋ និងអង្គការណាមួ យឡើយ។

កម្ពុជាប្រកាន់ខ្ជាប់នីតិរដ្ឋ ដើម្បីការពារនិរន្តរភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ ប្រជាធិបតេយ្យ បើគ្មាននីតិរដ្ឋទេនោះ នឹងនាំដល់អនាធិបតដយ្យ ដែលនាំដល់សង្គមមួយច្របូកច្របល់ គ្មានសណ្តាប់ធ្នាប់គ្មានវិន័យ។

ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសជនប្រមាថព្រះមហាក្សត្រ គឺដើម្បីគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។ អ្នកប្រមាថព្រះមហាក្សត្រ គឺប្រមាថ ប្រជាជនទូទាំប្រទេស បើប្រមាថប្រជាជនទូទាំងប្រទេស គឺប្រមាថលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺជាការប្រមាថរដ្ឋធម្មនុញ្ញ និងប្រមាថជាតិសាសន៍ខ្មែរ ។

ចំណែកលោក ឈាង វុន អ្នកនំាពាក្យរដ្ឋសភាបានក៏បានលើកឡើងថា ការលើកឡើងរបស់អ្ន ក​រាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នោះជាការមិនពិត។

លោកបញ្ជាក់ថា «លោកស្រី រ៉ូណាស្មីតថា បើគ្មានបក្សប្រឆាំងចូលរួមការបោះឆ្នោត នៅកម្ពុជាមិនប្រព្រឹត្តិទៅត្រឹមត្រូវយុត្តិធម៌ទេ ។ ខ្ញុំថានៅកម្ពុជាមិនមែនបក្សប្រឆាំងតែមួយទេ គឺមានច្រើ នណាស់ ជាក់ស្តែងកាលពេលថ្មីៗនេះលោក ម៉ម សូណង់ដូរ បានមកដឹកនាំធ្វើគណប ក្សប្រឆាំង ហើយប្អូនប្រុសលោកបណ្ឌិត កែម ឡី ក៏បានបង្កើតគណបក្សមួយដែរ។ ដូច្នេះខ្ញុំ ឆ្លើយថា នៅកម្ពុជាមិនខ្វះទេបក្សប្រឆាំង »

លោក ឈាង វុន ក៏បានលើកឡើងថា នៅប្រទេសកម្ពុជាច្បាប់បានចែងច្បាស់ណាស់ គឺ គោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ លោកថា ការវាយតម្លៃរបស់លោកស្រីរ៉ូណាស្មីត គឺជាការវាយតម្លៃតាមបែបអារម្មណ៍ ពិសេសនោះដូចអ្វីដែលអតីតប្រឆាំងធ្លាប់បានលើកឡើងកន្លងមក។

សូមជម្រាបថា កាលពីររសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ អ្នករាយការណ៍ពិសេសអង្គការ សហប្រជាជាតិ លោក ស្រី រ៉ូណា ស្មីត បានធ្វើសន្និសីទសារព័ត៌មានដោយបានវាយតម្លៃ  ស្ថានភាពសិទ្ធិមនុស្ស និងស្ថេរភាព នៅកម្ពុជាថា បានឈានដល់ផ្លូវបំបែក ហើយដោយ បន្ទោសទៅលើសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា ខណៈដែលលោកស្រីបំពេញដំណើរ ទស្សនកិច្ច លើកទី៥ របស់លោកស្រីនៅកម្ពុជា។

បើតាមការលើកឡើងលោកស្រីក្នុង សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃនេះថា ដំណើរវិវត្តន៍ចុង ក្រោយនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានឈានដល់ការរឹតត្បិតបំផុត ខណៈរដ្ឋាភិបាល នៅតែលើកពីស្ថេរភាព និងការអភិវឌ្ឍ ដើម្បីរាំងខ្ទប់នូវសិទ្ធិទាំងនេះ។ លោកស្រីជំរុញទៅរដ្ឋាភិបាលឲ្យងាកមកចាប់យកសិទ្ធិមនុស្សឡើងវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍ និងសន្តិភាព ពិតប្រាកដ។

លោកស្រីបញ្ជាក់ថា «ការរឹតត្បិតសំឡេងប្រជាជនកម្ពុជា នៅទីបំផុតអាចគំរាមកំហែងដល់ ស្ថេរភាព ពិតប្រាកដដែល រដ្ឋាភិបាល និងប្រជាជនបានខិតខំកសាងឡើងដោយលំបាក។ សេរីភាព ក្នុងការបង្កើតសមាគមការបញ្ចេញមតិនិងការជួបប្រជុំ ដោយសន្តិវិធី គួរតែត្រូវបាន ការពារ និងបង្កើតឡើង មិនត្រូវធ្វើការរិតត្បិតឡើយ នៅក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែល ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា»

ក្នុងដំណើរទស្សនៈកិច្ច របស់លោកស្រី នៅកម្ពុជា លោកស្រីក៏បានកត់សម្ពាល់ពីការរំលាយ គណបក្សសង្គ្រោះជាតិនិងការបែងចែកអាសនៈរបស់បក្សនេះទៅឲ្យគណបក្សដទៃនិងការ ហាមប្រាមអ្នកនយោបាយទាំង១១៨ រូបនៃបក្សនេះ ជាការគំរាមកំហែងយ៉ាងខ្លាំងដល់សិទ្ធិ សេរីភាពនយោបាយនៅកម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post