

យោងតាមកាសែត អនឡាញ Asia Times ដែលមានទីស្នាក់ការនៅទីក្រុងហុងកុង ដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ មីនា ម្សិលមិញនេះ បានសរសេរលើកឡើងពី ប្រភពពីក្នុងជួរមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្រុងភ្នំពេញបច្ចុប្បន្នដែលបាននិយាយក្នុងល័ក្ខ័ណមិនបញ្ចេញឈ្មោះ បានលួចទម្លាយថា នៅក្នុងកិច្ចប្រជុំបិទទ្វារមួយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនៅប្រទេសវៀតណាម មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្ត វៀតណាម បានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងទៅលើមេដឹកកម្ពុជានិងថែមទាំងបានជម្រុញអោយសម្ដេច ហ៊ុន សែន ត្រូវតែចុះចេញពីតំណែងក្រោយការបោះឆ្នោតខែកក្កដា ខាងមុខនេះ។
ប្រភពខាងលើបានប្រាប់កាសែតAsia Times ដដែលថា វៀតណាមបានប្រាប់ទៅសម្ដេច ហ៊ុន សែន ត្រង់ៗនិងដោយគ្មានទម្រង់បែបការទូតថាសម្ដេច ហ៊ុន សែន បានកាន់អំណាចយូរពេកហើយ ហើយវាល្មមដល់ពេលវេលាដែលលោក ត្រូវចុះចេញពីអំណាចហើយ។

ប្រភពពីមន្ត្រីដដែលនោះបាន បន្តថា បញ្ហាចម្បងៗគឺចំនួនពីរ ដែលធ្វើឲ្យវៀតណាមមានការខឹងសម្បានេះ គឺទីមួយ ការណ៍ដែល សម្ដេច ហ៊ុន សែន ងាកទៅឱបក្រសោបមហាអំណាចចិនកាន់ខ្លាំង និងទីពីរ ការចាប់បញ្ជូនពលរដ្ឋវៀតណាម ដែលរស់នៅខុសច្បាប់ ចេញពីកម្ពុជាមកកាន់ប្រទេសវៀតណាមវិញ។







