Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តីជនជាតិឥណ្ឌូណេស៊ីម្នាក់ ត្រូវគេច្របាច់កសម្លាប់ ទាល់តែធំក្លិនស្អុយទើបដឹង បង្កជាការភ្ញាក់ផ្អើលដល់ភ្ញៀវ ដែលចូលទៅស្នាក់នៅក្នុងសណ្ឋាគារ និងប្រជាពលរដ្ឋរស់នៅជិតខាងកាលពីវេលាម៉ោង៤រសៀល ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់លេខ៤០៨ ជាន់ទី៤ នៃសណ្ឋាគារ"ហូម ថោន” ទីតាំងលេខ៣៥អឺ០ ផ្លូវលេខ១៧២ ក្រុម១៩ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពស្រ្តីរងគ្រោះឈ្មោះ ENEN CAHYTI អាយុ៤៨ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី កាន់អត្តសញ្ញាប័ណ្ណ NIK ៣១៧៤០៩៥២០៩ ៧០០០១៧, ប័ណ្ណពិនិត្យសុខភាពរបស់ឈ្មោះ ENEN CAHYTI ចំនួនមួយសន្លឹក និងកាតអេធីអឹម ចំនួន៣ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។ ចំណែកឯជនសង្ស័យ ឈ្មោះ FATEEN BILAL ABDUL ភេទប្រុស៦៧ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ ៥៦១៤៨០៦៦ ស្នាក់នៅជាមួយជនរងគ្រោះទីតាំងកើតហេតុខាងលើ (រត់គេចខ្លួនបាត់) ។

ប្រភពព័ត៌មានពីបុគ្គលិកសណ្ឋាគារម្នាក់ ឈ្មោះ ស៊ាង ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ បានប្រាប់សមត្ថកិច្ចមូលដ្ឋានថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹក មានជនបរទេស២នាក់ (ស្រ្តីរងគ្រោះ និងជនសង្ស័យ) ដោយប្រុសឈ្មោះ FATEEN BILAL ABDUL ភេទប្រុស ៦៧ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ ៥៦១៤៨០៦៦ និងស្រ្តីរងគ្រោះ បានមកជួលស្នាក់នៅទីតាំងកើតហេតុខាងលើ ។ ហើយម្ចាស់សណ្ឋាគារបានហ្វូតូកូពី តែលិខិតឆ្លងដែនលេខ របស់ជនសង្ស័យទុក ហើយជនសង្ស័យក៏មិនដែលហូបអាហារក្នុងសណ្ឋាគារទេ គឺចេញទៅខាងក្រៅរហូត ។ លុះនៅថ្ងៃកើតហេតុខាងលើ វេលាម៉ោង៤រសៀល បុគ្គលិកសណ្ឋាគារឈ្មោះ ស៊ឹម ហេង ភេទប្រុស បានចុះពីលើមកដល់ជាន់ទី៤ ស្រាប់តែធំក្លិនស្អុយចេញពីបន្ទប់លេខ៤០៨ ហើយប្រអប់សោខាងក្រៅឃើញមានគ្របគំរបដែកពីលើ និងចាក់សោថ្មីពីលើសោទា្វររបស់សណ្ឋាគារមិនឲ្យចាក់កើត រួចក៏នាំគ្នាគាស់មើលទើបដឹងថា មានមនុស្សស្លាប់ឡើងជះក្លិនស្អុយ ហើយក៏រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានតែម្តង ។

ប្រភពព័ត៌មាន បានបន្តថា ក្រោយពេលមានហេតុការណ៍ដូច្នេះ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញខាងកោសលវិច្ឆ័យរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យ ដោយយោងតាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យសាលាដំបូងរាជធានីភ្នំពេញថា ជនរងគ្រោះស្លាប់ ដោយសារការច្របាច់ក (ឃាតកម្ម) បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចយកទៅតម្តល់ទុកនៅវត្តស្ទឹងមានជ័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor