
បាត់ដំបងៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមានសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស មកទល់សព្វថ្ងៃនេះ គឺបានមកពីបាតដៃកូនខ្មែរ ពីប្រជាជនខ្មែរខ្លួនឯង មិនមែនបានមកពីបរទេសនោះទេ ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ មកពីខេត្តបាត់ដំបង និងបន្ទាយមានជ័យ ក្នុងពីបើកការដ្ឋានសាងសង់កំណាត់ផ្លុវជាតិលេខ៥ ពីបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រវែងជិត ៨៥គីឡូម៉ែត្រ ដែលជាកម្ចីហិរញ្ញប្បទាន របស់រដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃច័ន្ទនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា បានតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមានបំណងបញ្ចប់សង្រ្គាម និងការបែកបាក់រវាងខ្មែរនឹងខ្មែរ តាំងពីសង្គ្រាមផ្ទៃក្នុង ដែលអូសបន្លាយជិត២ទស្សវត្សន៍ រហូតខ្មែមានការឯកភាពគ្នាជាធ្លុងមួយដល់សព្វថ្ងៃនេះ ។
សម្តេច បានអរគុណដល់ភាគីពាក់ព័ន្ឋទាំងអស់ រួមនឹងបងប្អូនប្រជាពលរដ្ឋ ដែលបានបន្តចូលរួមថែរក្សាការពារសន្តិភាព ដើម្បីកម្ពុជាយើងកាន់តែមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនលឿនទៅមុខ ។
បើតាមសម្ដេចតេជោសែន រឿងពន្លត់ភ្លើងសង្គ្រាមជារឿងមួយហើយ តែផលវិបាកដែលសង្គ្រាមបានបន្សល់ទុកឲ្យយើង គឺវាធំធេងណាស់ ដូច្នេះមិនត្រូវឲ្យអ្នកណាមួយ មកបំភ្លេចបំផ្លាញនូវសន្តិភាពសម្រាប់ប្រទេសកម្ពុជានោះទេ។ ហើយគេមិនត្រូវមើលឃើញ ត្រឹមតែមនុស្សបួនដប់នាក់ ហើយបោះបង់ចោលមនុស្សជាង១៥លាននាក់នោះទេ ព្រោះជាង១៥លាននាក់នេះ កំពុងស្រេកឃ្លាន និងកំពុងត្រូវការរក្សានូវអ្វី ដែលមានក្នុងដៃ គឺសន្តិភាព និងការអភិវឌ្ឍន៍ មិនមែនត្រូវការសង្គ្រាមមកជំនួសឲ្យសន្តិភាពនោះទេ។ យើងបានខិតខំកសាងសន្តិភាព ជំនួសឲ្យសង្គ្រាម ដោយមិនត្រូវវិលត្រឡប់យកសង្គ្រាមមកជំនួសសន្តិភាពនោះឡើយ ព្រោះអតីតកាល បានបង្រៀនយើងគ្រប់គ្នា ហើយការឈឺចាប់របស់ប្រជាជន វាលើសពីរគ្រប់គ្រាន់ណាស់ទៅហើយ ដូច្នេះយើងត្រូវតែរក្សាសន្តិភាព ដែលរកបានដោយលំបាកនេះ ឲ្យបានទោះឋិតក្នុងតម្លៃណាក៏ដោយ៕
