
ភ្នំពេញ៖ខុសពីរាល់ដង ពោលគឺកាលពីពីរឆ្នាំមុន បទ រាំញីកែងជើង និងបទ រាំអ៊ីចេះ របស់ផលិតកម្មរស្មីហង្សមាស ពិតជាមានការគាំទ្រ និងចាក់ស្ទើរទូទាំងប្រទេស ហើយជាពិសេស គឺនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏គាំទ្រ និងរាំនូវចង្វាក់ញ៉ាក់នេះដែរ ព្រោះសម្តេចលើកទឹកចិត្តនូវការតែងនិពន្ធស្នាដៃរបស់កូនខ្មែរ ។
ប៉ុន្តែសម្រាប់សង្ក្រានឆ្នាំថ្មី ឆ្នាំច នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកចង្វាក់សារាវ៉ាន់ សម្រាប់រាំលេងកម្សាន្តនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ ។


ការប្រកាសយកចង្វាក់សារ៉ាវ៉ាន់ ជាចង្វាក់គោលសម្រាប់រាំលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំនេះ បានធ្វើឡើងនៅពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨នេះ
សម្តេចតេជោ បញ្ជាក់ថា ចូលឆ្នាំនេះយកចង្វាក់សារាវ៉ាន់ជាគោលតែម្តង ព្រោះឆ្នាំមុនៗ រាំញីកែងជើង រាំ អ៊ីចេះ «ឆ្នាំហ្នឹងគិតតែសារាវ៉ាន់ តែម្តង ត្រៀមឲ្យហើយ លេងឲ្យណាណី លេងផ្តាំចាស់» ៕





