Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថ្កោលទោស និងបញ្ជាឲ្យសមត្ថកិច្ចពាក់ពន្ធ័ បន្តស្វែងរក និងតាមចាប់ខ្លួនជនដៃដល់ ដែលបានប្រើអំពើហិង្សា ដោយការវាយប្រហារយ៉ាងឃោរឃៅទៅលើលោកបណ្ឌិតសាស្ត្រាចារ្យ ស៊ុយ សារ៉េត ក្រោមបទចោទប្រកាន់ថា បានបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ ហើយបើករត់នោះ យកមកផ្ដន្ទាទោសតាមច្បាប់ឲ្យខានតែបាន។

ក្នុងជួបសំណេះសំណាលជាមួយកម្មករប្រមាណជាង១ម៉ឺន៥ពាន់នាក់ នៅភូមិព្រៃទា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជាយខាងលិច រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធទី២១ ខែមីនា ឆ្នាំ២០១៨ សម្តេចបានរំលឹកថា រឿងដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុន ទាក់ទិននិងបញ្ហាបើកបរបង្កឲ្យ​មានគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវសាធារណៈ ហើយរហូតឈានដល់ការវាយដំសម្លាប់​ជីវិត និងបំផ្លាញរថយន្តជនដែលត្រូវចោទថា បានបង្កគ្រោះថ្នាក់ចរាចរណ៍ មិនមែនជារឿង ដែលត្រូវស្វាគមន៍នោះទេ តែជារឿងត្រូវថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត។

សម្ដេចតេជោ បានចាត់ទុកទង្វើនេះថា មិនមែនជាទង្វើ និងសីលធម៌ របស់ជនជាតិខ្មែរទេ ដូច្នេះសមត្ថកិច្ចពាក់ពន្ធ័ ត្រូវតែបន្តស្វែងរកចាប់ខ្លួន អ្នកប្រព្រឹត្តអំពើហិង្សាទាំងនោះ មកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ដោយមិនត្រូវឱ្យជនពាលបែបនេះ បង្កើតឡើងនូវស្ថានភាព ហើយខ្វះការទទួលខុសត្រូវ ចំពោះផ្នែកព្រហ្មទណ្ឌនោះទេ។ យើងដាច់ខាតមិនឲ្យមានវប្បធម៌សម្លាប់មនុស្សក្រៅច្បាប់តទៅទៀតនោះឡើយ។ សម្តេចបន្តថា យើងពិតជាត្រូវការរួមចំណែករបស់ពលរដ្ឋ ដើម្បីគោរពច្បាប់ចរាចរណ៍ទប់ស្កាត់ កុំឲ្យ​មានគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែយើងមិនត្រូវការ ការប្រមូលមនុស្ស ដើម្បីវាយសម្លាប់មនុស្សនោះទេ ហើយសកម្មភាពបែបនេះ វាមិនជាសីលធម៌របស់មនុស្សឡើយ តែនោះជាប្រភេទដែលយើងត្រូវ បញ្ជៀសកុំឱ្យកម្ពុជា ក្លាយទៅជាប្រទេស ដែលមានភាពអនាធិបតេយ្យសម្លាប់​មនុស្សក្រៅប្រពន្ធ័ បែបនេះឲ្យ​សោះ ដែលពលរដ្ឋខ្មែរសូមយកចិត្តទុកដាក់បញ្ហានេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ក្នុងចំណោម១១នាក់ ដែលជាប់ពាក់ព័ន្ធ ករណីប្រើអំពើហិង្សាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស នៅក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ ដោយចេតនា លើលោកបណ្ឌិត ស៊ុយ សារ៉េត មកតុលាការ ដើម្បីចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor