
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នេះ បានចោទ លោក សម រង្ស៊ី និងលោក កឹម សុខា ជាឃាតករសម្លាប់ជាតិឯង។ លោកបានសរសេរក្នុងហ្វេសប៊ុកថា៖ បើខ្មែររវល់តែឈ្លោះគ្នា តើខ្មែរមានឱកាសនឹងអភិវឌ្ឍន៍ខ្លួនឯងឲ្យរីកចម្រើនបានដែរឬទេ?
លោក ពេជ្រ ស្រស់ បានរៀបរាប់ថា៖ ជាការពិតណាស់ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា ក្រោយព្រះបាទជ័យវរ្មន័ទី៧បានបាត់បង់អំណាច គឺផ្ទៃក្នុងប្រទេសនេះមានតែភាពឈ្លោះទាស់ទែងគ្នា រហូតមកដល់សព្វថ្ងៃ ហើយបើយើងក្រឡេកទៅមើលផលប្រយោជន៍ជាតិវិញ គឺជាតិបានវិនាសគ្មានសល់ ជាពិសេសនគរកម្ពុជាបានបាត់បង់នូវទឹក
ដីយ៉ាងច្រើនសន្ធឹកសន្ធាប់ ចំពោះរាស្រ្តក្នុងសម័យកាលនីមួយៗនោះវិញគឺជួបផលលំបាកយ៉ាងពន់ពេក។ អតីតកាលគឺជាមេរៀន ប៉ុន្តែមេដឹកនាំនយោបាយខ្មែរមួយចំនួនមិនបានយកអតីតកាលធ្វើជាមេរៀននោះទេ បែរជាធ្វើរឿងបច្ចុប្បន្នជាន់ដាននឹងសំណៅអតីតកាល ទៅវិញ ដូចជាលោក សម រង្ស៊ី និងលោក កឹម សុខា ជាដើម ដោយចង់បានអំណាចខ្លាំងពេកម្នាក់រត់ទៅសហការណ៍ជាមួយបរទេសឲ្យជួយ ដើម្បីដណ្តើមអំណាច ហើយម្នាក់ទៀតជួលបរទេសឲ្យដាក់គំនាបមកលើប្រទេសរបស់ខ្លួន ដើម្បីដណ្តើមអំណាចដូចគ្នា។
ប្រធានគណបក្សយុវជនកម្ពុជារូបនេះ សួរថា៖ តើសកម្មភាពរបស់ជន២នាក់ខាងលើអាចជួយជាតិឲ្យរីកចម្រើន និងអាចសង្រ្គោះជីវភាពរបស់ប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីភាពក្រីក្របានដែរឬទេ..?
លោកក៏ឆ្លើយខ្លួនឯងថា៖ សកម្មភាពរបស់ជន២នាក់ខាងលើ គឺជាឃាតករសម្លាប់ជាតិឯង និងសម្លាប់ម្ចាស់ឆ្នោតរបស់ខ្លួនទៅវិញទេ។ ដូច្នេះអ្នកនយោបាយទាំងអស់គួរធ្វើនយោបាយជាតិនិយមឲ្យខ្ជាប់ខ្ជួនទើបជាតិរីកចម្រើន ហើយម្ចាស់ឆ្នោតក៏អាចរួច ផុតពីទុក្ខលំបាកផងដែរ ប៉ុន្តែបើអ្នកយោបាយធ្វើនយោបាយដើម្បីតែអំណាចនិយម នោះជាតិនឹងបែកបាក់ខ្ទិចខ្ទីមិនខានហើយម្ចាស់ឆ្នោតនឹងរងទុក្ខលំបាកគ្មានថ្ងៃស្បោយឡើយ។



សូមបញ្ជាក់ថា លោក កឹម សុខា កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃុំ ជាប់ព្រំដែនវៀតណាម ពីបទក្បត់ជាតិ ចំណែកឯ លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅបរទេស ហើយកំពុងរុំដោយបណ្តឹងជាច្រើន។