Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ រថយន្តធុនយក្សមួយគ្រឿង ត្រូវបានក្រុមការងារត្រួតពិនិត្យយានយន្តខេត្តព្រះវិហារ ធ្វើការផាក​ពិន័យតាមច្បាប់ បានថវិកា១២លានរៀន ដោយសារដឹកលើសទម្ងន់រហូតជាង៤០តោន។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានមានប្រសាសន៍ប្រាប់ CAM POST នៅព្រឹកថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០១៨នេះថា កាលពីល្ងាចថ្ងៃទី២២  ក្រុមត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ បានចាប់ឃាត់រថយន្តធុនយក្សមួយគ្រឿងដឹកថ្ម នៅចំណុចស្រុកគូលែន ជាប់និងព្រំប្រទល់ខេត្តសៀមរាប។

លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា ក្រោយពីចាប់ឃាត់រថយន្តដឹកថ្ម ដែលក្រុមការងារសង្ស័យថា ដឹកលើសទម្ងន់ច្រើន រាយការណ៍ជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហាររួចមក លោកអភិបាលខេត្តបានឲ្យ​មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីឲ្យ​ក្រុមការងារក្រសួងយកជញ្ជីងមកថ្លឹងឲ្យ​ឃើញជាក់ស្តែង។

ក្រោយពីក្រុមការងារបានថ្លឹងរថយន្តធុនយក្សនោះឃើញថា មានចំនួនសរុប៨៣,២៧០តោន ដែលលើសទម្ងន់ ដែលច្បាប់បានអនុញ្ញាត គឺតែ៤០តោនប៉ុណ្ណោះ ដូច្នេះរថយន្តនេះដឹកលើសទម្ងន់រហូត៤៣,២៧០តោន ដែលករណីនេះលោក សំ លាងទ្រី បាននិយាយថា ជាប្រវត្តិសាស្ត្ររបស់ខេត្តព្រះវិហារហើយ ដែលមានរថយន្តដឹកលើសទម្ងន់ច្រើនយ៉ាងនេះ។

លោក សំ លាងទ្រី បានមានប្រសាសន៍បន្តថា ផ្អែកតាមច្បាប់រថយន្តប្រភេទភ្លៅ៤ ឬ៥ គឺអាចដឹកបានទម្ងន់សរុប៤០តោន ដោយឡែករថយន្តសណ្តោងរ៉ឺម៉កអាចដឹកបានប្រមាណ៤៥តោនប៉ុណ្ណោះ។ ប៉ុន្តែចំណែករថយន្តភ្លៅ៥នេះ អាចដឹករហូត៨៣តោន ផ្អែកទៅលើច្បាប់ គឺត្រូវបានពិន័យចូលថវិការដ្ឋ១តោន៣០ម៉ឺនរៀល ដូច្នេះសរុប៤០តោនស្មើ និងថវិកា១២លានរៀល ហើយនិងត្រូវឲ្យ​រើទម្ងន់ដែលលើសនោះទម្លាក់ចោល ទើបអាចឲ្យ​បន្តដំណើរទៅមុខទៀតបាន។

ជាមួយគ្នានេះផងដែរ ផ្អែកតាមប្រសាសន៍លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គឺលោកជំរុញឲ្យ​ក្រុមការងារត្រួតពិនិត្យយាយយន្តខេត្ត គឺធ្វើយ៉ាងណាត្រូវតែអនុវត្តតាមច្បាប់ដោយមិនលើកលែងពិសេសទៅលើយានយន្តណា ដែលកែច្នៃខុសលក្ខណៈចប្ចេកទេស ដឹកលើសទម្ងន់ ដឹកសំពីងសំពោងជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor