
ភ្នំពេញៈ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានវាយតម្លៃថា ទង្វើរបស់លោក សម រង្ស៊ី ជារឿងគួរឲ្យសោកស្តាយ និងស្មោគគ្រោក ដែលបានក្បត់ទៅនឹងផលប្រយោជន៍ជាតិ។ ការថ្លែងរបស់លោកនេះ បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពី១០ឆ្នាំមុន បានលួចចរចាជាមួយឧបនាយករដ្ឋមន្ដ្រី និងជាមន្ដ្រីការបរទេសវៀតណាម ដើម្បីយល់ព្រមតាមសំណើវៀតណាមបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
លោក ពេជ្រ ស្រស់ បានឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ថា កម្ពុជា វិនាសដែនដីតូចចង្អៀតដូចសព្វថ្ងៃនេះ ដោយសារតែមានអ្នកនយោបាយមានចរិកឱបជើងបរទេស ដើម្បីអំណាចផ្ទាល់ខ្លួនដូចលោក សម រង្ស៊ី យ៉ាងដូច្នេះ។
លោកបានថ្លែងថា “ទង្វើរបស់លោក សម រង្ស៊ី គឺជារឿងគួរឲ្យសោកស្តាយ និងស្មោគគ្រោកបំផុត ដែលក្បត់នឹងផលប្រយោជន៍ជាតិ និងក្បត់អង្គព្រះមហាក្សត្រខ្មែរ ដែលហ៊ានសាហាយស្មន់ជាមួយនឹងប្រទេសជិតខាង មកបំផ្លាញអធិបតេយ្យដែនដីខ្មែរ ខ្លួនឯង គួរណាស់ក្នុងនាមអ្នកនយោបាយខ្មែរ ត្រូវតែស្មោះស្ម័គ្រនឹងជាតិខ្លួនឯង មិនគួរប្រព្រឹត្តអំពើក្បត់នឹងផលប្រយោជន៍ជាតិខ្លួនឯងនោះទេ”។
សូមបញ្ជាក់ថា ថ្មីៗនេះ លោក សម រង្ស៊ី ត្រូវបានបណ្តាញសង្គមហ្វេសប៊ុកទម្លាយថា បានចុះហត្ថលេខាជាមួយមេដឹកនាំយួនសេរី ជាជនជាតិម៉ុងតាញ៉ាយួន ដែលបានសន្យាថា បើខ្លួនឈ្នះឆ្នោតបានកាន់អំណាច ខ្លួននឹងអនុញ្ញាតឲ្យយួនសេរីមកបោះទីតាំងនៅខេត្តខ្មែរ ចំនួន៤ គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ឲ្យពួកយួនសេរី រស់នៅ និងធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម។
ទង្វើរបស់លោក សម រង្ស៊ី នេះ ត្រូវបានអ្នកច្បាប់ចាត់ទុកថា គឺផ្ទុយពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕
