
រាជធានីភ្នំពេញ ៖ នារីម្នាក់ស្រវឹងស្រាឈប់រថយន្ដដេកកណ្ដាលផ្លូវ ពេលប្រជាពលរដ្ឋឃើញរាយការណ៍ប្រាប់សមត្ថកិច្ចអោយទៅមើល និងមានទាំងអ្នកសារព័ត៌មានរបស់ទូរទស្សន៍ហង្សមាស ចុះទៅថតផ្ដិតយករូបភាពដែរ តែបែរជានារីរូបនោះវាយ និងបោកទូរស័ព្ទបណ្ដាលអោយខូចខាត និងរងរបួសបែកមាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០:៣៥នាទី យប់ថ្ងៃអង្គារ៍ ទី២០ ខែមីនា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវ១១០ កែងផ្លូវលេខ៦១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បច្ចុប្បន្នក្រោយពេលកើតហេតុ ជនរងគ្រោះដែលជាអ្នកយកព័ត៌មានរបស់ទូរទស្សន៍ហង្សមាស បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីអោយសមត្ថកិច្ចជួយដោះស្រាយតាមផ្លូវច្បាប់ ចំណែកនារីរូបស្រស់ដែលបើករថយន្ត LEXUS-470 ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AI-8783 ទាំងស្រវឹង ហើយបើកមកឈប់ដេកកណ្ដាលផ្លូវនោះ ក៏បានចូលខ្លួនទៅដោះស្រាយជាមួយគ្នាដែរ៕



