Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ វាពិតជាឈាមស្រែកស្បែកហៅមែន​! ទីបំផុត​ករណីឃាតកម្មមួយ ដែលកើតទៅលើបុរសម្នាក់ បានជាងមួយឆ្នាំទៅហើយនោះ​ សមត្ថកិច្ចបានកំណត់មុខសញ្ញានឹងចាប់ខ្លួនមនុស្សពីរនាក់ជាម្តាយនិងកូនយកមកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ។

លោក​ឧត្តមសេនីយ៍​ទោ​ អាត់​ ខែម​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យ​ដឹងថា​ កាលពី១៤ខែមុន មានបុរសម្នាក់ដែលដើរដាក់​អង្គប់កណ្តុរ​បានប្រទះឃើញគ្រោងឆ្អឹងសាកសពបុរសម្នាក់នៅក្បែរដំបូកមួយជិតបឹងឆ្ងាយពីភូមិ។ សមត្ថកិច្ចក៏បានចុះទៅពិនិត្យ និងស្វែងរកគ្រួសារណា ដែលបាត់សមាជិកឲ្យ​មកមើល។ តែអ្វីដែលកត់សម្គាល់ គឺមានតែគ្រួសារមួយប៉ុណ្ណោះ ដែលបាត់សមាជិកជាឪពុក​។ លុះសមត្ថកិច្ចហៅឲ្យ​ទៅមើលគ្រួសារខាងលើយកលេសរាងខ្លួន ​ដោយស្រ្តីជាប្រពន្ធនិយាយថា មិនមានពេលទេ ព្រោះជាប់ដើរសងបំណុលប្តី​ ឯកូនប្រុសអះអាងថា មិនមែនជាគ្រោងឆ្អឹងឪពុកខ្លួនទេ ព្រោះឪពុកខ្លួនចាកចេញទៅធ្វើការនៅភ្នំពេញបាត់ហើយ។

លោក​ឧត្តមសេនីយ៍​ទោ​ អាត់​ ខែម​ បាននិយាយថា ដោយដាក់ការសង្ស័យជាករណីឃាតកម្ម​ លោកក៏បានដាក់កម្លាំងជំនាញស៊ើបអង្កេតលើករណីនេះ។ អស់រយៈពេល១៤ខែគត់ ករណីនេះ ចាប់ផ្តើមមានពន្លឺឡើង​ សមត្ថកិច្ចបានចាប់ឃាត់មនុស្សពីរនាក់ជាម្តាយនិងកូនមកសាកសួរ។ ទីបំផុតឃាតក ត្រូវបានវែកមុខ​ ឃាតក គឺជាកូននឹងជាប្រពន្ធនៃបុរសដែលល់តែគ្រោងឆ្អឹងដែលរស់នៅក្នុងភូមិទ្រឡោកលិច​ ឃុំ​ ភ្នំលៀបស្រុកព្រះនេត្រព្រះ។

លោកឧត្តមសេនីយ៍ត្រី​ សិទ្ធ​ ឡោះ​ ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យ​ដឹងថា នៅចំពោះមុខសមត្ថកិច្ច​ស្ត្រីឈ្មោះ​ អាន តឹក អាយុ៥៧ឆ្នាំ និងកូនប្រុសឈ្មោះ សូ វុធ អាយុ២៩ឆ្នាំ បានសារភាពថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី៩ ខែវិច្ឆិកា​ ឆ្នាំ២០១៦ ពួកគេមានជម្លោះជាមួយឪពុកក្រោយពីវិលត្រឡប់មកពីពិធីឡើងផ្ទះគេក្បែរភូមិ។ ជម្លោះពាក្យសម្តីចេះតែតានតឹងរហូតធ្វើឲ្យ​កូនតិរច្ឆានហ៊ានច្រានឪពុកឈ្មោះ​ និប អឺត អាយុ៥៥ឆ្នាំទម្លាក់ពីផ្ទះ បណ្តាលឲ្យ​ធ្លាក់បាក់ក និងជង់កាំបិតស្លាប់ក្នុងថ្លុកឈាម។ ក្រោយមកពីរនាក់ម្តាយកូនក៏លើកដាក់លើគោយន្តដឹកទៅទម្លាក់ចោលនៅឆ្ងាយពីភូមិ៣០គីឡូម៉ែត្រ​ បន្ទាប់មកក៏ប្រាប់អ្នកភូមិថា បុរសរងគ្រោះចេញទៅធ្វើការនៅភ្នំពេញបាត់ហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor