Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អីយ៉ាឃើញខ្លាដេរ ស្មានតែខ្លាមិនដឹងមែន… ស្រ្តីម្នាក់ ឃើញប៉ូលិសដេកលង់លក់ លបចូលប៉ុស្តិ៍វះមុង លួចយកទូរស័ព្ទដៃចំនួន៣គ្រឿង តែមិនសម្រេច ត្រូវប៉ូលិសក្របួចជាប់ កាលពីវេលាម៉ោង២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅប៉ុស្តិ៍រដ្ឋបាលកន្ទោក ផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជនសង្ស័យមានឈ្មោះ គន្ធ ធា អាយុ៤០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះជាម្ចាស់ទូរស័ព្ទ ទី១-ឈ្មោះ ឃុន សុភក្តី ភេទប្រុស អាយុ៣៦ឆ្នាំ ជានាយរងប៉ុស្តិ៍កន្ទោក ។ ទី២- ឈ្មោះ អង សុខិម ភេទប្រុស អាយុ៤៩ឆ្នាំ ជារងប៉ុស្តិ៍នគរបាលកន្ទោក ។

តាមប្រភពមន្រ្តីនគរបាល បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកម្លាំងនគរបាលប៉ុស្តិ៍ ជាជនរងគ្រោះ វិលត្រឡប់មកពីល្បាត ក្នុងភូមិសាស្រ្តរបស់ខ្លួនវិញ ចូលសម្រាកក្នុងមុងនៅប៉ុស្តិ៍​ ស្រាប់តែនៅវេលាម៉ោងខាងលើ ស្រ្តីសង្ស័យបានលបលួចចូលទៅក្នុងបរិវេណប៉ុស្តិ៍ ហើយធ្វើសកម្មភាព វះមុង​លួចយកទូរស័ព្ទដៃ ចំនួន៣គ្រឿង ម៉ាកអាយហ្វូនសិចភ្លើស សាំសុង និងណូគា បានសម្រេច ហើយរត់គេចខ្លួន ស្របពេលនោះ ដោយសារមួសខាំពេក ជនរងគ្រោះក៏ដឹងខ្លួន ស្ទុះងើបឡើង ឃើញជនសង្ស័យរត់ចេញ ហើយបានដេញចាប់បានមកវិញ ដោយឃើញទូរស័ព្ទនៅក្នុងខ្លួនជនសង្ស័យ។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យបានហើយ ជនសង្ស័យមិនព្រមសារភាពថា ខ្លួនបានប្រព្រឹត្តដូចការចោទប្រកាន់ របស់សមត្ថកិច្ចទេ ។

ទោះបីជាយ៉ាងណា សមត្ថកិច្ចបានឃាត់ខ្លួន ដោយមានភស្តុតាងជាក់ស្តែង យកទៅសួរនាំ​ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី ខណៈពេល​ឃុំខ្លួន ស្រ្តីសង្ស័យនៅក្នុងបន្ទប់ រង់ចាំជំនាញ​យកទៅអធិការដ្ឋានខណ្ឌពោធិ៍​សែន​ជ័យ ស្រាប់តែជនសង្ស័យ ​បានដោះអាវយកទៅចង នឹងចំរឹងបង្អួចបម្រុងនឹងចងក ​សម្លាប់ខ្លួន កុំតែសមត្ថកិច្ចឃើញទាន់ ចូលទៅជួយទាន់ពេលវេលា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor