header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តូបលក់ដូររបស់អាជីវករប្រមាណជាង៧០% នៅក្នុងផ្សារច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាំងពីពាក់កណ្ដាលអធ្រាត្រយប់មិញ។ រហូតមកទល់នឹងម៉ោងជិត៨ព្រឹក ថ្ងៃសុក្រនេះ អណ្ដាតភ្លើងនៅបន្តឆាបឆេះនៅឡើយទេ ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងជំនាញពន្លត់អគ្គិភ័យ អាចគ្រប់គ្រងស្ថានការណ៍បានខ្លះហើយ ដោយមិនឲ្យភ្លើងឆេះរាលដាលបន្តទៀត។

គ្រោះអគ្គិភ័យដ៏កំណាចមួយនេះ អាចនឹងបំផ្លិចបំផ្លាញទំនិញ ផលិតផល និងសម្ភារៈផ្សេងយ៉ាងច្រើន បើគិតជាទឹកប្រាក់ប្រហែលខ្ទង់រាប់ម៉ឺនដុល្លារ។ ករណីអគ្គិភ័យនេះដែរ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១៖៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ដែលចំណុចឆេះ ចាប់ផ្ដើមចេញពីតូចលក់ដូរផ្នែកខាងក្រោយ នៃផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅជាប់ផ្សារច្បារអំពៅ ឲ្យដឹងថា ដំបូងឡើយ ភ្លើងឆេះចេញពីម្ដុំតូបលក់អង្ករ ធ្វើអំពីឈើប្រក់ស័ង្កសី និងបន្តឆេះរាលដាលជញ្ជាំងតូបឈើប្រក់ស័ង្កសីជាប់ៗគ្នារាប់សិបតូប ដោយមិនទាន់អាចសរុបបាននៅឡើយទេ។ ដោយឡែក មនុស្សដែលគេងនៅក្នុងផ្សារ ហើយជាប់នៅខាងក្នុង ក៏ត្រូវបានជួយសង្គ្រោះនាំចេញមកក្រៅវិញ ដោយសុវត្ថិភាព និងអ្នករងគ្រោះថ្នាក់នៅមិនទាន់ទទួលរបាយការណ៍នៅឡើយដែរ។ រីឯមូលហេតុ​ សមត្ថកិច្ច​កំពុងស្រាវជ្រាវ។

សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានអង្គភាពសារព័ត៌មាន Cam Post នៅកន្លែងកើតហេតុ បានឲ្យដឹងថា​ គិតត្រឹមម៉ោង៧៖៥០នាទីព្រឹកថ្ងៃសុក្រនេះ ភ្លើងនៅតែបន្តឆេះសន្ធោសន្ធៅនៅឡើយទេ នៅផ្នែកខាងក្នុង(កណ្ដាលផ្សារ) បើទោះបីជាមានកិច្ចអន្តរាគមន៍បាញ់ពន្លត់របស់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងយ៉ាងណាក៏ដោយ ដែលអាចត្រឹមគ្រប់គ្រងស្ថានការណ៍បាន ដោយរថយន្តពន្លត់អគ្គិភ័យកំពុងធ្វើការបាញ់ទប់ស្កាត់។

ប្រតិបត្តិការ​ពន្លត់អគ្គិភ័យខាងលើនេះ ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ រាជធានី​ភ្នំពេញ បានប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ក្នុងនោះ មានរថយន្តជំនួយមកពីស្ថាប័នរដ្ឋ និងឯកជន ចូលរួមសហការផងដែរ មានដូចជា រថយន្តយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ រថយន្តអគ្គិភ័យសាលារាជធានីភ្នំពេញ រថយន្តអគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញ រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ រថយន្តពន្លត់អគ្គិភ័យក្រុងជោយចង្វារ និងរថយន្តអគ្គិភ័យស្នងការខេត្តកណ្ដាល ដោយមិនទាន់សរុបបាននៅឡើយទេ។

សូមជម្រាបថា ភ្លាមៗ បន្ទាប់ពីហេតុការណ៍អគ្គិភ័យដ៏អាក្រក់នេះកើតឡើង គេឃើញវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងលោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត បានចុះអន្តរាគមន៍ផ្ទាល់នៅកន្លែងកើតហេតុផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post