
ភ្នំពេញៈ វិដេអូពីកាមេរ៉ាសុវត្ថិភាពមួយឃ្លីបបង្ហាញពីសកម្មភាពក្រុមប្រជាពលរដ្ឋព្រួតវាយលោកបណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យកម្ពុជា បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនោះ ត្រូវបានទម្លាយជាសាធារណៈហើយ នៅព្រលប់ថ្ងៃច័ន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨នេះ។ អំពើហិង្សានេះ កើតឡើងបន្ទាប់ពីលោកសាស្ត្រាចារ្យ បង្កគ្រោះថ្នាក់ចរាចរណ៍ ហើយព្យាយាមបើករថយន្តគេចពីការទទួលខុសត្រូវនៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតមានករណីគ្រោះថ្នាក់ចរាចរណ៍បុករះផ្អើលអស់ទីក្រុងភ្នំពេញ កាលពីព្រលប់ថ្ងៃអាទិត្យម្សិលមិញ ហើយធ្វើឲ្យមហាជនប្រើអំពើហិង្សាដាក់ម្ចាស់រថយន្តបង្កគ្រោះថ្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរហើយនោះ មតិជាច្រើនបានរិះគន់ និងសម្ដែងការសោកស្ដាយ ហើយហៅថា នេះជាអំពើហិង្សាបែបព្រៃផ្សៃបំផុត ដែលប្រជាជនធ្វើជាអ្នកកាត់ក្ដីជំនួសតុលាការ។ ជាមួយគ្នានេះ សមត្ថកិច្ចក្រុងភ្នំពេញ ក៏បានប្រកាសបើកការស្រាវជ្រាវ និងតាមចាប់ខ្លួន ក្រុមប្រជាពលរដ្ឋ ដែលបង្កហិង្សាទៅលើលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត ផងដែរ។
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានចាត់ទុកអំពើហិង្សាកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍នេះថា ជាការបង្ហាញពីភាពអសីលធម៌នៅក្នុងសង្គម ហើយនេះ ក៏ជាបទល្មើសជាក់ស្ដែងផងដែរ ដែលសមត្ថកិច្ចត្រូវតែចាត់ការជៀសវាងកុំឲ្យកើតឡើងម្ដងហើយម្ដងទៀត។
ថ្លែងប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅព្រឹកថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនានេះ លោកផ្កាយ៤ ជួន សុវណ្ណ បានបញ្ជាក់ថា ប៉ូលិសកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនជនបង្កហិង្សាដោយចេតនា បណ្ដាលឲ្យមានអ្នករងរបួស ឬអាចឈានដល់ស្លាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយលោកសាស្ត្រាចារ្យខាងលើ។
លោកស្នងការបញ្ជាក់ថា “នេះជាបទល្មើសជាក់ស្ដែង ដែលជនល្មើសបានបង្កហិង្សាដោយចេតនាទៅលើអ្នកដទៃ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហើយយើងអាចស្រាវជ្រាវ និងតាមចាប់ក្នុងរយៈពេល១សប្ដាហ៍ ដោយមិនបាច់សុំដីកាពីតុលាការ បើលើសពីនេះ យើងនឹងសុំដីកាពីតុលាការ តាមចាប់ខ្លួនពួកគេ… បញ្ហានេះ វាបង្ហាញពីភាពអសីលធម៌នៅក្នុងសង្គមយើង បើទោះបីជាអ្នកបើកបរថយន្តនោះ បើកបរដោយធ្វេសប្រហែសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក៏ពិតមែន ប៉ុន្តែច្បាប់ក៏អនុវត្តន៍ទោសទណ្ឌទៅតាមហ្នឹងដែរ បើមានអ្នករបួសធ្ងន់ឈានដល់ពិការ ឬស្លាប់ អាចផ្តន្ទាទោសដាក់ពន្ធនាគារ ប៉ុន្តែនេះ ត្រឹមរបួសស្រាល គឺជាបទល្មើសក្នុងរដ្ឋប្បវេណីប៉ុណ្ណោះ”។
លោកស្នងការបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍បុករះ កាលពីល្ងាចម្សិលមិញនេះ មិនមានមនុស្សស្លាប់ទេ ពោល ត្រឹមរបួសស្រាលម្នាក់ប៉ុណ្ណោះ។ លោកថា ដំបូងឡើយ អ្នកបើកបររថយន្ត ដែលគេចាត់ទុកថា ជាអ្នកបង្ក បានបើករថយន្តប៉ះគេតាំងពីចំណុចទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ។ ពេលនោះ សមត្ថកិច្ចបានស្រាវជ្រាវភ្លាមៗ គឺមិនមានអ្នករបួស ឬស្លាប់ទេ បន្ទាប់មក អ្នកបើកបររថយន្តនោះ ក៏បន្តល្បឿនរហូតមកដល់ចំណុចក្រោយមន្ទីរពេទ្យលោកសង្ឃ ក្នុងខណ្ឌទួលគោក ទើបបុកត្រូវអ្នកទិញអេតចាយម្នាក់ បណ្ដាលឲ្យរងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរទេ។
លោកបន្ថែមថា អ្វីដែលសមត្ថកិច្ចមានការសោកស្ដាយ នោះគឺករណីបង្កហិង្សាដែលកើតចេញពីមនុស្សជាច្រើនក្រុមជិះម៉ូតូជាច្រើនគ្រឿង តាមអ្នកបើកបររថយន្តតាំងពីចំណុចទួលសង្កែ ខណ្ឌឫស្សីកែវមក រហូតចុងក្រោយបានវាយ និងកម្ទេចរថយន្ត បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ស្ទើរបាត់បង់ជីវិត។ លោកថា បញ្ហានេះ ពលរដ្ឋមិនគួរប្រើអំពើហិង្សា ដើម្បីកាត់ទោសជនបង្កជំនួសតុលាការនោះទេ ពីព្រោះប្រទេសមានច្បាប់ ហើយករណីគ្រោះថ្នាក់ចរាចរណ៍ គឺគេដោះស្រាយទៅតាមច្បាប់ចរាចរណ៍។ ប៉ុន្តែលោកថា ករណីនេះ បានក្លាយទៅជារឿងព្រហ្មទណ្ឌហើយ និងជារូបភាពមួយដែលអាក្រក់សម្រាប់សង្គមយើង។
បើតាមរបាយការណ៍របស់ប៉ូលិសខណ្ឌទួលគោក ឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរចរណ៍មួយ បានកើតឡើងនៅវេលាម៉ោង៥៖០០នាទីល្ងាច ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះលេខ១១៥ ផ្លូវ១៦០ ក្នុងសង្កាត់ទឹកល្អក់២ រវាងរថយន្តមួយគ្រឿងម៉ាក Great Wall ពាក់ស្លាកលេខ ភ្នំពេញ 2AP-9719 ពណ៌ខ្មៅ ដែលបានធ្វើដំណើរចេញពីម្តុំទួលសង្កែ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានប៉ះជាមួយម៉ូតូមួយគ្រឿង (មិនស្គាល់ម៉ាក) ទើបត្រូវម៉ូតូមួយក្រុមដេញតាមពីក្រោយរថយន្តនោះ រហូតដល់ផ្សារថ្មី និងបន្តរហូតដល់ចំណុចមុខផ្ទះលេខ១១៥ លើផ្លូវ១៦០ ក្នុងទិសដៅស្របគ្នា បានបុកពីក្រោយម៉ូតូម៉ាក HONDA VISSION មួយគ្រឿងទៀត ប៉ុន្តែរថយន្តនៅបន្តព្យាយាមរត់គេចរហូតដល់ចំណុចផ្លូវ២៦៥ កែងផ្លូវ១៥៦ ទើបរថយន្តបែកកង់ទៅមុខលែងរួច ហើយត្រូវប្រជាពលរដ្ឋព្រួតវាយកម្ទេចរថយន្ត និងអ្នកបើកបរបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។
របាយការណ៍ដដែលបន្តថា ជនរងគ្រោះភាគីម៉ូតូម៉ាក HONDA VISSION ពាក់ស្លាកលេខ ភ្នំពេញ 1FM-2402 បើកបរដោយឈ្មោះ កាន់ សឺសេង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរអ្នកទិញអេតចាយ ស្នាក់នៅផ្ទះលេខ៦០C ផ្លូវ២២៧ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បណ្ដាលឲ្យរងរបួសស្រាល ហើយត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកឯកជន ហុង ហាក់។
ដោយឡែក ភាគីរថយន្តបង្កម៉ាក Great Wall ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-9719 បើកបរដោយឈ្មោះ ស៊ុយ សារ៉េត ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរសាស្ត្រាចារ្យនៅសាកលវិទ្យាល័យកម្ពុជា និងបម្រើការងារនៅក្រុមហ៊ុន SSB ស្នាក់នៅផ្ទះលេខ៦៩ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ អ្នកបើកបររថយន្ត ត្រូវក្រុមម៉ូតូឌុបដេញតាមពីក្រោយ និងវាយបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរ ក៏ត្រូវក្រុមគ្រួសារសម្រេចបញ្ជូនបន្តទៅព្យាបាលនៅប្រទេវៀតណាម ទាំងយប់តែម្ដង៕










