Sponsor
រិទ្ធី

នៅ​ថ្ងៃ​ទី១២ ខែមីនា ឆ្នាំ​២០១៨​នេះ ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និង        បណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ថាអាត្រា​មាន​ការងារ​ធ្វើ​នៅ​​កម្ពុជា​បច្ចុប្បន្ន មាន​ចំនួន ៩៩,៣% ដែល​ជា​ចំនួន​មួយ​ល្អ​​ប្រសើរ ស្រប​ពេល​ដែលកម្ពុជា រក្សា​បាន​កំណើន​សេដ្ឋកិច្ច​នៅ​វង្វង់ ៧ % ជា​រៀង​រាល់​ឆ្នាំ។

រដ្ឋមន្រ្តី​បាន​ប្រាប់​បន្ត​ថា ជាមួយ​នឹង​អាត្រា​មាន​ការ​ធ្វើ​ដ៏​ល្អ​នេះ រដ្ឋាភិបាលកម្ពុជា​បាន​បង្កើត​ការងារ​ថ្មី​​​​បាន​​ចំនួន ៤.៨លាននាក់ ដែល​ក្នុង​នោះ នៅ​ក្នុង​ប្រទេស​មាន​ចំនួន ៣.៦លាន មាន​កម្មករ​និយោជិត​ក្នុង​ប្រព័ន្ធ ១.៤​លាន​នាក់ និង ផ្នែក​ក្រៅ​ប្រព័ន្ធ មានប្រមាណ២.៤​លាន​នាក់ ព្រម​ទាំងនៅ​ក្រៅ​ប្រទេស​មាន​ចំនួន ១.២លាននាក់។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹង​ថា សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា សរុប​មាន​ចំនួន ៥៦៩.៦៨៨ មាន​កម្មករ​ចំនួន​ជាង ២.៤លាននាក់ ដោយឡែក ក្នុងនោះ​គិត​ត្រឹម​ខែ​មករា ឆ្នាំ​២០១៨ ​នេះ សហគ្រាស​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន​២២.០៦៧ មាន​កម្មករ​និយោជិត​ចំនួន​ ១៨៧.៩០៩នាក់ បាន​ចុះ​បញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ។


ចំណែកឯ ​វិស័យ​វាយ​នភណ្ឌ​កាត់​ដេរ ក្នុង​រយៈពេល​២០ឆ្នាំ ពី​ឆ្នាំ​១៩៩៧ -២០១៧ រោងចក្រ ​សហ​គ្រាស បាន​កើន​ឡើង ជិត​១ពាន់​រោងចក្រ សហគ្រាស ដែល​នៅ​ឆ្នាំ១៩៩៧ មានតែ​ប្រមាណ៦៤តែប៉ុណ្ណោះ ហើយមានកម្មករ​និយោជិត​ប្រមាណ​ជាង​៨ម៉ឺន​នាក់ រហូត​ដល់​ឆ្នាំ២០១៧ រោងចក្រវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង​មាន​ចំនួន​១.១៥៤ កើន​ឡើង​៤.២៥% និង​មាន​កម្មករ​និយោជិត​ចំនួន​ជាង​៧៧​ម៉ឺន​នាក់។

សូម​បញ្ជាក់​ផង​ដែរថា តាម​របាយការណ៍​មួយ​ដែល​ចុះ​ផ្សាយ​ដោយ​កាសែត​ថៃ The Nation កាល​ពី​ពេលថ្មីៗនេះ បានបង្ហាញថា ទីក្រុង​ភ្នំពេញ មាន​អាត្រា​អត់​ការងា​រទាបជាងគេ​នៅ​តំបន់​អាស៊ី ដោយ​មាន​ត្រឹមតែ ១%។ ចំណែក​ទីក្រុង​បាងកក​របស់​ប្រទេស​ថៃ មាន​អាត្រា​ទាប​ទី២ ក្នុងអាត្រា ១.១២% ដោយ​ឡែក​ទីក្រុង​ហាណូយ ប្រទេសវៀតណាម មានចំនួន២.៤៥%។

សន្និបាតនេះ គឺរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០១៧ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ និងបញ្ហាប្រឈមមួយចំនួន ដើម្បីដាក់ចេញនូវទិសដៅសម្រាប់អនុវត្តការងារនៅឆ្នាំ២០១៨ សំដៅបង្កើននូវប្រសិទ្ធភាពការងារឱ្យស្របទៅ និងកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ព្រមទាំងខិតខំសម្រេចឱ្យបានជាលទ្ធផលផ្លែផ្កានូវ រាល់ផែនការយុទ្ធសាស្រ្ត និងគោលនយោបាយនានាដែលបានដាក់ចេញ ជាពិសេស គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor