
ភ្នំពេញៈ យុវតីរូបស្រស់ម្នាក់ បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន ទៅបុករ៉ឺម៉កកង់បីឥណ្ឌា ខណៈកំពុងដឹកភ្ញៀវចំពីចំហៀង បណ្តាលឲ្យបុរសបរទេសម្នាក់ រងរបួសជាទម្ងន់ និងស្ត្រីម្នាក់ បោកក្បាលនឹងថ្នល់ស្លាប់ ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១៖៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ នៅចំណុចស្តុបទន្លេបាសាក់ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ ប្រាប់ឲ្យភ្នាក់ងារសារព័ត៌មាន Cam Post ដឹងថា នៅមុនពេលកើតហេតុ គេឃើញរ៉ឺម៉កកង់បីឥណ្ឌាមួយគ្រឿង ដោយមានដឹកភ្ញៀវ២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត Prius ពណ៌កណ្ដុរប្រមេះ មួយគ្រឿង មិនមានស្លាកលេខ បើកបរដោយយុវតីរូបស្រស់ម្នាក់ ក្នុងទិសដៅពីលិចទៅកើត ទៅបុកកង់បីឥណ្ឌាពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ ដែលជិះក្នុងនោះ បោកក្បាលនឹងដែកកង់បីស្លាប់។
នារីរូបស្រស់ជាអ្នកបើករថយន្តបង្កហេតុ ត្រូវបានគេស្គាល់ឈ្មោះ ងួន ស្រីនិច អាយុ២១ឆ្នាំ ត្រូវសមត្ថកិច្ចនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង១។ ក្រោយមក មិនដឹងយ៉ាងម៉េច នាងក៏បានសន្លប់បាត់ស្មារតីឈឹង ហើយត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារនាំទៅមន្ទីរពេទ្យ។

ដោយឡែក បុរសបរទេសដែលរងរបួសធ្ងន់ នៅមិនស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ដឹកទៅមន្ទីរពេទ្យ និងស្រ្តីរងគ្រោះមានឈ្មោះ តាក់ ចន្នី អាយុ៣៨ឆ្នាំ មុខរបរអ្នកចម្រៀង រ៉ុកខេនរ៉ូល នៅហាងបារាំង ស្នាក់នៅម្ដុំផ្សារទួលទំពូង និងមានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ស្ត្រីរងគ្រោះ មានកូនប្រុសអាយុ១៣ឆ្នាំម្នាក់ ក្នុងបន្ទុក។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកធ្វើការវាស់វែង រួចយករថយន្ត និងកង់បីឥណ្ឌា ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ និងធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារ យកធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើត ស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង៕










