
ភ្នំពេញៈ យុវជនម្នាក់ ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីរូបគេបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីជនបរទេស មិនបានសម្រេច បណ្តាលឲ្យជនសង្ស័យដួលម៉ូតូទៅលើជនរងគ្រោះរងរបួសជើងធ្ងន់។
ករណីនេះ កើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃស្រុក ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង លី ជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ ថ្នាក់ទី១០ ស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ជនរងគ្រោះ ឈ្មោះ GARY SMITH ភេទប្រុស ជាជនជាតិអង្គគ្លេស ស្នាក់នៅអូតែល ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានកំពុងឈរជាមួយប្រពន្ធ ភ្លាមនោះក៏ស្រាប់តែមានជនសង្ស័យម្នាក់ បានជិះម៉ូតូ Best ពាក់ស្លាកលេខភ្នំពេញ 1GX-0653 មកឆក់ទូរស័ព្ទដៃជនរងគ្រោះ តែជនរងគ្រោះបានទាញមកវិញ បណ្តាលឲ្យម៉ូតូជនសង្ស័យដួលម៉ូតូ មកលើជនរងគ្រោះ រងរបួសជើងខាងស្តាំ។ ចំណែកជនសង្ស័យងើបរត់តែត្រូវប្រជាពលរដ្ឋនៅក្បែនោះ នាំគ្នាដេញចាប់ បានប្រគល់ឲ្យសមត្ថកិច្ច យកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកេងកង៣។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលនគរបាលបឹងកេងកង៣សួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធីច្បាប់៕

