Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ​ អតីតប្រធានគណបក្សសង្រ្គោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានលើកឡើងថា លោកមិនយល់ពីមូលហេតុរដ្ឋាភិបាលប្រទេសជប៉ុន បានផ្តល់ជំនួយមកដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ខណៈជប៉ុនបានស្នើឲ្យមានជំនួបចរចារវាងសម្តេចតេជោ និងលោក សម រង្ស៊ី។

ការលើកឡើងរបស់លោក សម រង្ស៊ី បន្ទាប់ពីទីប្រឹក្សារបស់នាយករដ្ឋមន្រ្តីជប៉ុន បានសួរនាំសម្តេចតេជោ អំពីលទ្ធភាពនៃការចរចា ជាមួយអតីតគណបក្សសង្រ្គោះជាតិ ដើម្បីឈានទៅដល់ការបោះឆ្នោត ថ្នាក់ជាតិនាពេលខាងមុខ ប៉ុន្តែសម្តេចតេជោ បានទាត់ចោល ព្រោះសម្តេចបានបរាជ័យជាច្រើនដងមកហើយ អំពីវប្បធម៌សន្ទនាជាមួយលោក សម រង្ស៊ី។

លោក ស្រ៊ី ថាមរ៉ុង្គ ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែង ក្រោយបញ្ចប់ជំនួបរវាងសម្តេចតេជោ និងលោក ខេនថារ៉ូ សូណូរីឡា សមាជិកសភា និងជាទីប្រឹក្សានាយក រដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe)នៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៨ថា សម្តេចបានបរាជ័យ ក្នុងការបង្កើតវប្បធម៌សន្ទនា ជាមួយលោក សម រង្ស៊ី។

លោក សម រង្ស៊ី បានលើកឡើងក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ មីនា ថា កាសែតជប៉ុនឈ្មោះ ASAHI SHIMBUN ថ្ងៃ ២៤ មីនា ២០១៨  បានចុះផ្សាយលិខិត របស់លោកមួយច្បាប់ មានចំណងជើង ៖ ប្រទេសជប៉ុន អាចជួយស្តារ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។

លោកបន្តថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានរំលាយគណបក្ស សង្គ្រោះជាតិ រួចមក អ្នកប្រជាធិបតេយ្យទូទាំងពិភពលោក យល់ឃើញថា ការបោះឆ្នោតមួយ ដែលមិនមានការចូលរួម ពីគណបក្សប្រឆាំង តែមួយគត់ ដែលអាចមានប្រៀប លើគណបក្សកាន់អំណាច សព្វថ្ងៃ គឺជាការបោះឆ្នោត មួយដែលគ្មានន័យអ្វី ក្រៅពីផ្តល់ភាពស្របច្បាប់ ឲ្យទៅរបបផ្តាច់ការសព្វថ្ងៃ។

លោក សម រង្ស៊ី បន្តទៀតថា ដំណឹងថាប្រទេសជប៉ុន នឹងផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ការបោះឆ្នោត ថ្ងៃ២៩ កក្កដា ឆ្នាំ ២០១៨ នេះ ដែលគេទិនតៀនគ្រប់ទិសទី ជាការធ្វើឲ្យយើងមានការងឿងឆ្ងល់ ពីព្រោះយើងមិនយល់ពីមូលហេតុ ដែលនាំឲ្យ ផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីគ្រាន់តែលម្អ ពីខាងក្រៅការបោះឆ្នោតមួយ ដែលស្អុយរលួយពីខាងក្នុង

សូមបញ្ជាក់ថា ប្រទេស៤៥ កាលពីថ្ងៃ២៣ មីនា បានចេញសេចក្តីថ្លែងការណ៍រួមមួយប្រឆាំងនឹងកម្ពុជា អំពីស្ថានភាព នាពេលបច្ចុប្បន្ន ទាក់ទងទៅនឹងការឃុំខ្លួន លោក កឹម សុខា ការរំលាយគណបក្សសង្រ្គោះជាតិ និងបារម្ភចំពោះស្ថានភាព នយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ន មុនការបោះឆ្នោតថ្នាក់ជាតិ នឹងឈានចូលមកដល់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor