
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅបរទេស បាននិយាយថា៖ កាសែតភាសាជប៉ុនឈ្មោះ ASAHI SHIMBUN កាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នេះ បានចុះផ្សាយលិខិតរបស់ខ្ញុំមួយច្បាប់ មានចំណងជើង "ប្រទេសជប៉ុនអាចជួយស្តារ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា"។
អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា៖ ចំណុចសំខាន់ៗជាងគេក្នុងអត្ថបទកាសែតនោះគឺ៖
- បន្ទាប់ពី រាជរដ្ឋាភិបាល លោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិរួចមក អ្នកប្រជាធិបតេយ្យទូទាំងពិភពលោក យល់ឃើញថា ការបោះឆ្នោតមួយ ដែលមិនមានការចូលរួមពីគណបក្សប្រឆាំងតែមួយគត់ ដែលអាចមានប្រៀប លើគណបក្សកាន់អំណាចសព្វថ្ងៃ គឺជាការបោះឆ្នោតមួយ ដែលគ្មានន័យអ្វី ក្រៅពីផ្តល់ភាពស្របច្បាប់ឲ្យ ទៅរបបផ្តាច់ការសព្វថ្ងៃ។
- ដំណឹងថា ប្រទេសជប៉ុន នឹងផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ការបោះឆ្នោត ថ្ងៃ ២៩ កក្កដា ឆ្នាំ ២០១៨ នេះ ដែលគេទិតៀនគ្រប់ទិសទី ជាការធ្វើឲ្យយើងមានការងឿងឆ្ងល់ ពីព្រោះយើងមិនយល់ពីមូលហេតុ ដែលនាំឲ្យផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីគ្រាន់តែលម្អពីខាងក្រៅ ការបោះឆ្នោតមួយ ដែលស្អុយរលួយពីខាងក្នុង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ លោក Kentaro Sonoura ទីប្រឹក្សានាយករដ្ឋមន្រ្ដីជប៉ុន បានមកបំពេញទស្សនកិច្ចបន្ទាន់មួយនៅកម្ពុជា និងបានជួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ក្នុងជំនួបនោះ លោក Kentaro Sonoura បានស្នើឱ្យរាជរដ្ឋាភិបាលនៃកគណបក្សកាន់អំណាចបើកឲ្យមានលទ្ធភាពចរចា ឬ សន្ទនាជាមួយអ្នកនយោបាយគណបក្សសង្រ្គោះជាតិ សំដៅធានាការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ នៅកម្ពុជា។


