header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ​បានដឹកនាំកម្លាំងទ្រង់ទ្រាយធំជាច្រើននាក់ ចុះធ្វើការត្រួតពិនិត្យការស្នាក់នៅ និងការបំពេញការងាររបស់ជនបរទេស ដោយឃាត់ខ្លួនបានជនជាតិចិន ចំនួនជាង១០០នាក់ ក្នុងនោះ មានស្រី១៩នាក់ យកមកធ្វើការសាកសួរ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខុនដូ អគារ៩៩ ផ្លូវ៣៣៦ កែង៣៧៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះ​ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ដឹកនាំកម្លាំងដោយឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងរូបលោកផ្ទាល់ ដោយសហការជាមួយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនឹងនគរបាលខណ្ឌទួលគោកផងដែរ។

បើតាមឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ក្នុងប្រតិបត្តិការរយៈពេលប្រមាណជាង២ម៉ោងនេះ សមត្ថកិច្ចបានពិនិត្យឃើញមានជនជាតិចិន ចំនួន១០០នាក់ ក្នុងនោះមានស្រី១៩នាក់ជា បានលួចចូលមកស្នាក់នៅខុនដូអគារ៩៩ ដើម្បីប្រព្រឹត្តបទល្មើស VoIP និង Game Online (សង្ស័យចាប់ជំរិតតាមប្រព័ន្ធអ៊ិនធើណេត និងធ្វើការដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប័ណ្ណការងារត្រឹមត្រូវ)។

ក្រោយបញ្ចប់ប្រតិបត្តិការត្រួតពិនិត្យនៅកន្លែងកើតហេតុរួចរាល់ សមត្ថកិច្ចបាននាំខ្លួនបានបញ្ជូនជនជាតិចិន ចំនួន១០០នាក់ ប្រកបរបរ Game Online ខុសច្បាប់ខាងលើ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការត្រួតពិនិត្យ និងអនុវត្តតាមនីតិវិធីច្បាប់។ ជនសង្ស័យជនជាតិចិនទាំងនេះ អាចនឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post