
ព្រះសីហនុៈ កម្មករសំណង់២ក្រុម ផឹកស៊ីស្រវឹងចំស្រាកាប់ចាក់ បានប្រើដាវ កាំបិត កាប់ប្រហារគ្នា ដូចក្នុងរឿងចិន ម្ខាងរងរបួសធ្ងន់ ម្ខាងត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១០៖៣០នាទី យប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅមុខព្រលានយន្តហោះកងកេង នៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោក ហួ យ៉ៃ បានបញ្ជាក់ថា ក្រោយពេលទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ហ៊ីង ច័ន្ទរិទ្ធ អធិការនគរបាលស្រុកព្រៃនប់ បានចាត់ឲ្យលោកដឹកនាំកម្លាំង ចេញធ្វើអន្តរាគមន៍ ស្រាវជ្រាវបង្ក្រាបមុខសញ្ញា បង្កហិង្សាជាបន្ទាន់។
ជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ទី១.ឈ្មោះ ណុប ហ៊ួត ភេទប្រុស អាយុ២៣ឆ្នាំ បុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិត្រាំប៉ោហ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តព្រះវិហារ (ឃាត់ខ្លួន)។ ទី២.ឈ្មោះ រី សារុំ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ដូចឈ្មោះខាងលើ (ឃាត់ខ្លួន)។ ទី៣.ឈ្មោះ ធឿន ចាន់រស្មី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិវាលលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តដាត់ដំបង (ឃាត់ខ្លួន) ។

លោក ហួ យ៉ៃ បានបញ្ជាក់បន្ថែមថា នៅយប់កើតហេតុ គូរជម្លោះទាំងសងខាង ជាកម្មករសំណង់ដូចគ្នា បានផឹកស្រាស្រវឹង ហើយឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើអំពើហិង្សា កាប់ចាក់ទៅលើ ម្ខាងទៀតបណ្ដាលឲ្យរងរបួស មានចំនួន៣នាក់ ទី១.ឈ្មោះ សេង ស៊ីដេត ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម (ត្រូវក្បាល បណ្តាលឲ្យរងរបួសធ្ងន់ )។ ទី២.ឈ្មោះ អង វាសនា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅដូច ឈ្មោះខាងលើ (រងរបួសត្រកៀក)។ ទី៣.ឈ្មោះ អែម វណ្ណា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសដៃខាងស្តាំ ) ។

ក្រោយពីធ្វើសកម្មភាពយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើ និងដកហូតវត្ថុតាងរួមមាន៖ ដាវចំនួន៦ដើម និងកាំបិតច្នៃ១ដើម ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចកំពុងសាកសួរតាមនីតិវិធី នៅអធិការនគរបាលស្រុកព្រៃនប់៕

