Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា អតីតមន្រ្តីបក្សប្រឆាំង កុំសង្ឃឹមថា កម្ពុជា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស លើកទី២ ឲ្យសោះ គ្មានថ្ងៃឡើយ។

កិច្ចព្រមព្រៀង ស្តីពី “ដំណោះស្រាយនយោបាយ រួមមួយនៃជម្លោះកម្ពុជា” ហៅថា “កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១”។ កិច្ចព្រមព្រៀងនេះ ធានាអំពី “អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព ឯកភាពជាតិកម្ពុជា” និង “ការធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌”។

កិច្ចព្រមព្រៀងនេះ ជាមរតកដ៏មហាសាល ដែលអ្នកស្នេហាជាតិកម្ពុជា គ្រប់ភាគីបានពលីបូជាជីវិត កម្លាំងកាយ កម្លាំងចិត្ត ដើម្បីឯករាជ្យភាព និងឯកភាពជាតិកម្ពុជា ដែលមានការចូលរួមគាំទ្រពីអន្តរជាតិ។

ក្នុងពិធីកាត់ខ្សែបូសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលក្នុងវត្តឈូកវ៉ា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “កុំសង្ឃឹមថា មានកិច្ចព្រមព្រៀងប៉ារីសទី២ ឲ្យសោះ គ្មានប្រទេសណាគេទៅឡប់ជាមួយអ្នកឯងទេ កិច្ចព្រមព្រៀងប៉ារីស គេបានបញ្ចប់នៅពេលដែលសភារដ្ឋធម្មនុញ្ញ ក្លាយទៅជាសភាជាតិ”

សម្ដេចបានអះអាងថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានបញ្ចប់។ សម្ដេចថា ខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនត្រូវបានយកមកអនុវត្តន៍ជំនួសឲ្យរដ្ឋធម្មនុញ្ញ ហើយនៅពេលនោះផងដែរ កិច្ចការរបស់កិច្ចព្រមព្រៀងទីក្រុងទីប៉ារីស បានចែងយ៉ាងច្បាស់ថា “ដំណាក់កាលអន្ដរកាល គឺការចាប់ផ្ដើមរហូតទៅដល់រដ្ឋធម្មនុញ្ញ ក្លាយទៅជាសភាជាតិ គឺចប់តាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣”

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា មិនទៅចរចាជាមួយអ្នកណាឡើយ ហើយក៏គ្មានអ្នកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា បានដែរ។ ក្រុមប្រឹក្សាសន្ដិសុខ ក៏មិនមែនគាំទ្រអ្នកឯងទេ។ សម្ដេចបន្ថែមទៀតថា ពួកអតីតបក្សប្រឆាំងរបស់អ្នកឯង ចង់ឲ្យភ្ជួរកៅអីកម្ពុជា នៅអង្គការសហប្រជា ជាតិ អ្នកឯងចង់ឲ្យគេដេញរាជរដ្ឋាភិបាលកម្ពុជា ពីអង្គការសហប្រជាជាតិ មិនអាចទៅរួចទេ។

សូមរំឭកថា ហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស មាន១៨ប្រទេស +កម្ពុជា។ ក៏ប៉ុន្តែនៅពេលនោះ កម្ពុជា ត្រូវបែងចែកជា៤ភាគី គឺរដ្ឋកម្ពុជា, ហ៊្វុន ស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និងខ្មែរក្រហម ដែលរួមបញ្ចូលគ្នាបង្កើតជា “ក្រុមប្រឹក្សាជាតិជាន់ខ្ពស់”។

កិច្ចព្រមព្រៀងនេះ មានសុពលភាពជាចម្បងទៅលើភាគីទាំង៤ ក្នុងសង្រ្គាមស៊ីវិលខ្មែរ (រដ្ឋកម្ពុជា, ហ៊្វុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និងខ្មែរក្រហម)។ ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះ គូភាគីជម្លោះផ្ទៃក្នុងកម្ពុជា និងដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀង ក្រុងប៉ារីស ត្រូវបានរំលាយអស់ទៅហើយ ដោយខ្លះត្រូវបានរលាយបាត់រូបទាំងស្រុង (ភាគីកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម) ហើយខ្លះទៀត ត្រូវរំលាយខ្លួន ហើយបង្កើតទៅជាគណបក្សនយោបាយ (គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច)។

ការថ្លែងរបស់សម្ដេចតេជោបែបនេះ បន្ទាប់ពីហ្វេសប៊ុករបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរថា “ខ្ញុំត្រៀមខ្លួនជានិច្ច ជួបសន្ទនាជាមួយរដ្ឋាភិបាល ហ៊ុន សែន ដើម្បីស្វែងរកដំណោះស្រាយមួយដោយសន្តិវិធី ចំពោះវិបត្តិដែលមិនដែលមានដូចសព្វថ្ងៃ តែជាដំណោះស្រាយមួយ ដែលភាគីទាំងពីរ អាចទទួលយកបាន ហើយដែលមានការធានាពីអន្តរជាតិផងដែរ”

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor