Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ ទំនងជាផុងខ្លួនក្នុងពិភពល្បែង…បុរសម្នាក់ ជួលរថយន្តគេជិះ បែរជាយកទៅលក់យកលុយទៅលេងល្បែង ក្នុងកាស៊ីណូប៉ោយប៉ែត ត្រូវប៉ូលិសចាប់វាយខ្នោះ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិទ្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អៀង វាសនា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង។ ចំណែកជនរងគ្រោះមានឈ្មោះ អៀម ចិន្តា ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលបន្ទុកកណ្តាលយុត្តិធម៌ បានឲ្យដឹងថា កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យខាងលើ ទៅតាមបណ្តឹងរបស់ជនរងគ្រោះ ករណីជួលរថយន្តជិះ រួចយកទៅលក់។ លោកបន្តថា ដំណើររឿងបន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ គឺកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិទ្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ជនសង្ស័យ បានទៅជួលរថយន្តជនរងគ្រោះ ឈ្មោះ អៀម ចិន្នា ភេទស្រី អាយុ៣៥ឆ្នាំ ម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស លេខតួ JTEG1D21QA740092358 លេខម៉ាស៊ីន 2AZ1395947 ពាក់ស្លាកលេខ សៀមរាប 2A-8559 ស៊េរី២០០៤ ចំនួន១គ្រឿង ក្នុងតម្លៃជួល មួយខែ៦០០ដុល្លារ ដោយបានបង់ថ្លៃជួលមុន។ លុះពេលជួលរថយន្តបានហើយ ជនសង្ស័យក៏បើកថយន្តនោះទៅលក់ម្តុំចំណុចផ្លូវ៦០ម៉ែត្រ ក្នុងក្រុងសៀមរាប បានតម្លៃ១៣៥០០ដុល្លារ (មួយម៉ឺនបីពាន់ប្រាំរយដុល្លារ)។ លុះពេលបានលុយជនសង្ស័យ ក៏ទៅលេងល្បែងនៅកាស៊ីណូ ក្រុងប៉ោយប៉ែត រហូតចាញ់អស់លុយដែលលក់ឡាននោះ។ ក្រោយមករូបគេ(ជនសង្ស័យ) មិនបានប្រាប់់រឿងរ៉ាវដល់ជនរងគ្រោះនោះទេ គ្រប់យ៉ាងគឺធ្វើដូចនៅជួលរថយន្តនោះដដែល។

លុះនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះ ក៏បានប្រទះឃើញរថយន្តរបស់ខ្លួន ត្រូវគេដាក់តាំងលក់នៅការាស់លក់ឡានតាមផ្លូវ៦០ម៉ែត្រ ទើបមានការសង្ស័យ ក៏បានមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៏ ហើយក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង។

ទោះបីសមត្ថកិច្ចពុំបានបញ្ជាក់ថា រថយន្តដែលចោរលួចយកទៅលក់ ហើយរកឃើញវិញ នឹងត្រូវរឹបអូសប្រគល់ឲ្យជនរងគ្រោះវិញឬយ៉ាងណា ឯអ្នកទទួលទិញផលចោរកម្ម នឹងត្រូវមានទោសដែរឬអត់នោះ តែសមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor