
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន៦ ដែលបញ្ជាទិញផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរពីកម្ពុជា បានសរសេរលិខិតរួមគ្នាមួយ ជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនទាង៦នោះរួមមាន៖ ក្រុមហ៊ុន FAIR LABOR ក្រុមហ៊ុន FAIR WEAR ក្រុមហ៊ុន Amfori ក្រុមហ៊ុន Ethical Trading Initiative ក្រុមហ៊ុន SAI និងក្រុមហ៊ុន APPAREL FOOTWEAR។ បើយោងតាមលោក មុត ចាន់ថា ជំនួយការលោក កឹម សុខា បានឱ្យដឹងថា៖ នាយកប្រតិបត្តិនៃក្រុមហ៊ុនធំចំនួនប្រាំមួយរបស់សហរដ្ឋអាមេរិក ដែលបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរពីប្រទេសកម្ពុជា បានសរសេរលិខិតមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបានដាក់លក្ខខណ្ឌសំខាន់ៗ ដើម្បីទាមទារឱ្យមានការគោរពសិទ្ធិកម្មករ សិទ្ធិសហជីព ជាពិសេស ការគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន សេរីភាពនយោបាយ ហើយនិងនីតិរដ្ឋនៅកម្ពុជា។ ក្រុមហ៊ុនបញ្ជាទិញទាំងនេះក៏គាំទ្រសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
ជំនួយការលោក កឹម សុខា គូសបញ្ជាក់ថា៖ លិខិតនេះមិនមែនជាការសន្យាបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនោះទេ លុះត្រាតែលក្ខខណ្ឌសំខាន់ៗត្រូវបានឆ្លើយតប ដោះស្រាយ និងគោរពជាមុនសិន។




លោកបានសួរថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា ក្រុមហ៊ុនអាមេរិកសន្យាបញ្ជាទិញសម្លៀកបំពាក់ពីប្រទេសកម្ពុជាច្រើនជាងមុន? ពិត ឬ មិនពិតដែលថាក្រុមហ៊ុនអាមេរិកបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជាច្រើនជាងមុន?