
មណ្ឌលគិរីៈ ថ្មីៗនេះ មានការរិះគន់ និងនិយាយតៗគ្នាថា អធិការនគរបាលស្រុកកែវសីមា ដែលកាន់តំណែងជិត១៥ឆ្នាំហើយនោះ បានប្រមូលផ្ដុំសាច់ញាតិ និងមនុស្សជំនិតរបស់ខ្លួនដាក់ឲ្យធ្វើការគ្រប់ៗគ្នា ហើយរៀបជារចនាសម្ព័ន្ធមួយ ដើម្បីងាយស្រួលក្នុងការប្រព្រឹត្តអំពើពុករលួយ ព្រមដោយមានខ្នងបង្អែកគ្រាក់ៗជាច្រើនថែមទៀត នៅស្នងការដ្ឋានខេត្ត។ ការប្រមូលផ្ដុំបក្ខពួកឲ្យធ្វើការជាមួយខ្លួននេះហើយ ដែលជាហេតុធ្វើឲ្យការគ្រប់គ្រងរបស់លោកអធិការ ធ្វើឡើងបែបបក្ខពួកនិយម ឬមានស៊ីមានសែនតែគ្រួសារឯង។
សេចក្ដីរាយការណ៍ច្បាស់ការ បានបង្ហើបឲ្យដឹងថា វរសេនីយ៍ទោ ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានរៀបចំសាច់ញាតិ និងមនុស្សរបស់ខ្លួនឲ្យមានតំណែងគ្រប់ៗគ្នា ជាហេតុធ្វើឲ្យលោកអាចឈរជើងជាអធិការស្រុកអស់រយៈពេលប្រមាណជិត១៥ឆ្នាំមកហើយ គិតរហូតមកទល់ឆ្នាំ២០១៨នេះ។ ប្រភពបន្តថា បក្ខពួករបស់លោកអធិការរូបនេះ ត្រូវបានរៀបចំឲ្យមានមុខតំណែងគ្រប់គ្នា នៅក្នុងជួរកងកម្លាំងនគរបាលជាតិ សម្រាប់បម្រើការងារតាំងពីនៅក្នុងអធិការដ្ឋានស្រុក ផ្នែក រហូតដល់ប៉ុស្ដិ៍ ក្រោមការបញ្ជាគ្រប់គ្រងរបស់ខ្លួន។
បើតាមប្រភព ចង្កោមគ្រួសារ និងមនុស្សជំនិត ដែលលោកស័ក្ដិ៤កន្លះ ស៊ុន ប៊ុនធឿន រៀបចំជារចនាសម្ព័ន្ធនោះ រួមមានឈ្មោះ ធឿន សុភ័ក្ត្រ (កូន), ឈ្មោះ ប៉ែន វាសនា (ក្មួយ), ឈ្មោះ អ៊ុន ភក្តី (ក្មួយ), ឈ្មោះ យិន សុវណ្ណារី (ក្មួយ), ឈ្មោះ ជន វីរៈ (ប្អូនថ្លៃ), ឈ្មោះ ប៉ែន បូរិន្ទ (ប្អូនថ្លៃ មានតំណែងជានាយរងប៉ុស្តិ៍), ឈ្មោះ វៀក ឌីណា (ក្មួយ ជានាយរងផ្នែក), ឈ្មោះ យិន សុខឡាយ (ក្មួយ ជានាយរងផ្នែក), ឈ្មោះ ស៊ុន សុខហេង (ប្អូនលោកអធិការ ជានាយរងផ្នែក ឈរជើងនៅក្រុមហ៊ុនខ្មែរអង្គរ), ឈ្មោះ ប៉ែន បូរឿន (ប្អូនថ្លៃ ជានាយប៉ុស្តិ៍ស្រែព្រះ), ឈ្មោះ សួស វ៉ូរ៉ា (ក្មួយ ជានាយផ្នែក), ឈ្មោះ សៀង ចំរ៉ុង (នាយផ្នែក ដែលជាមនុស្សរបស់អធិការ), ឈ្មោះ ផេង សាវូន (ប្អូនជីដូនមួយ ជានាយប៉ុស្តិ៍ស្រែខ្ទុម), ឈ្មោះ សួស បញ្ញាម៉ៃ (សាច់ថ្លៃជានាយរងផ្នែក), ឈ្មោះ ជូម ហុក (មនុស្សរបស់អធិការ ជានាយផ្នែក និងជាអ្នករត់កញ្ចប់), ឈ្មោះ កុយ ចំរើន (មនុស្សអធិការ ជានាយរងប៉ុស្តិ៍), ឈ្មោះ ស៊ី ប្រុស (មនុស្សរបស់អធិការ ជានាយរងផ្នែក), ឈ្មោះ ស្រី មារ៉ា (មនុស្សអធិការ ជានាយរងផ្នែក), ឈ្មោះ មា ធុល (មនុស្សអធិការ ជានាយរងប៉ុស្តិ៍), ឈ្មោះ ពិន ហ៊ាង (មនុស្សរបស់លោកអធិការ), ឈ្មោះ ឃិន សុខលី (ក្មួយ), ឈ្មោះ អន សារ៉ា (មនុស្សរបស់អធិការ ជាអធិការរង), ឈ្មោះ ជុំ ឃាង (មនុស្សអធិការ ជានាយផ្នែក), ឈ្មោះ កែវ សាវុធ (មនុស្សរបស់អធិការ ជាអធិការរង), ឈ្មោះ អ៊ុន សាវុធ (បងជីដូនមួយ), ឈ្មោះ យ៉ូវ អ៊ុក មនុស្សរបស់អធិការ និងឈ្មោះ ហ៊ាង សុខឃឿន (អ្នករត់កញ្ចប់ និងជានាយរងផ្នែក)។
ខាងលើនេះ ជារចនាសម្ព័ន្ធគ្រួសារមួយ ដែលលោកវរសេនីយ៍ទោ ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមា បានរៀបចំយ៉ាងស្អាត ដើម្បីងាយស្រួលក្នុងការប្រព្រឹត្តអំពើពុករលួយលក្ខណៈជាប្រព័ន្ធ ដោយមានទាំងមនុស្សជំនិត និងអ្នករត់កញ្ចប់មួយកំប្លេតែម្ដង។ បើតាមប្រភព ក្រៅពីរចនាសម្ព័ន្ធនេះ លោកអធិការ ក៏នៅមានខ្នងបង្អែកគ្រាក់ៗនៅស្នងការដ្ឋានផងដែរ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា ការរៀបចំ និងចាត់ចែងរចនាសម្ព័ន្ធខាងលើនេះ បានយ៉ាងល្អ ក៏ដោយសារមានខ្នងបង្អែកនៅស្នងការដ្ឋានខេត្ត មានដូចជា លោក សៅ សាវ៉ាត ស្នងការរង ទទួលផែនគ្រប់គ្រងធនធានមនុស្ស និងលោក អ៊ន ប៊ុន្នីរិទ្ធ ស្នងការរង ទទួលផែនសេនាធិការ ដែលជាសាច់ញាតិជីដូនមួយ នៅពីក្រោយខ្នងរបស់លោក ស៊ុន ប៊ុនធឿន យ៉ាងរឹងមាំតែម្ដង។
សេចក្ដីរាយការណ៍ក៏បញ្ជាក់ដែរថា ក្រៅពីការប្រមូលផ្តុំសាច់ញាតិបក្ខពួកនិយម អស់លោកទាំងអស់ខាងលើនេះហើយ ដែលជាដើម្បហេតុនៃការផ្លាស់ប្ដូរតំណែងស្នងការក្នុងរយៈពេលដ៏ខ្លី ចាប់ផ្ដើមពីលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន កាន់តំណែងបានជាងមួយឆ្នាំ, លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង កាន់តំណែងបានតែជិត៨ខែ និងលោកឧត្តមសេនីយ៍ត្រី ឡោ សុខា ជាស្នងការខេត្តបច្ចុប្បន្ន។
រិះគន់ចំពោះការដឹកនាំនៅក្នុងអធិការដ្ឋានស្រុកកែវសីមានេះ មន្ត្រីនគរបាលក្រោមឱវាទ បានសម្ដែងការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង និងបានស្នើសុំដល់ថ្នាក់លើ ជាពិសេសឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បច្ចុប្បន្ន មេត្តាជួយពិនិត្យមើលពីការគ្រប់គ្រងដឹកនាំក្នុងស្រុកផង ខណៈដែលនៅក្នុងអធិការដ្ឋាន គ្មានការអភិវឌ្ឍន៍អ្វីបន្តិចសោះឡើយ តាំងពីលោកអធិការ ស៊ុន ប៊ុនធឿន ចូលកាន់តំណែងរយៈពេលជិត១៥ឆ្នាំមកនេះ។
ជុំវិញការរិះគន់ ដែលបានលើកឡើងតាមរយៈសេចក្ដីរាយការណ៍ខាងលើនេះ អង្គភាពសារព័ត៌មាន Cam Post មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ពីសំណាក់លោកវរសេនីយ៍ទោ ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ។ Cam Post ស្វាគមន៍ការបំភ្លឺចំពោះការរិះគន់ខាងលើផងដែរ៕















